Photo of Jose Mourinho
Jose Mourinho coach of Manchester united

អ្នក​ចាត់​ការ​ទូទៅ​ក្លឹប Manchester United លោក Jose Mourinho ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ក្លឹប​ពិត​ជា​កំពុង​ចរចា​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ Alexis Sanchez ពី Arsenal មែន។

ពេល​សួរ​ទាក់ទង​នឹង​រឿង​ផ្ទេរ Sanchez លោក Mourinho បាន​ឆ្លើយ​តប​ប្រាប់​សារព័ត៌មាន​ Sky Sports ថា៖ “ខ្ញុំ​មិន​សូវ​ច្បាស់​ក្នុង​ចិត្ត​ទេ​ថា គេ​ (Sanchez) នឹង​មក​ចូល​រួម​ជាមួយ​យើង ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​ក៏​មាន​ទំនុក​ចិត្ត​ និង​សង្ឃឹម​ខ្លះ​ដែរ​ទាក់ទង​នឹង​រឿង​ផ្ទេរ​ហ្នឹង។ ទោះ​ជា​យ៉ាង​ណា បច្ចុប្បន្ន​ខ្ញុំ​កំពុង​មាន​អារម្មណ៍​ធម្មតា ព្រោះ​គេ​នៅ​ជា​កីឡាករ Arsenal នៅ​ឡើយ”។

Photo of Alexis Sanchez
Alexis Sanchez of Arsenal

អ្នក​ចាត់​ការ​រូប​នេះ​បន្ត៖ “នៅ​ក្នុង​ពេល​នេះ គេ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ពីរ មួយ​គឺ​បន្ត​នៅ​ Arsenal ហើយ​មួយ​ទៀត​គឺ​ចាក​ចេញ។ ដូច្នេះ​បើ​គេ​សម្រេច​ថា​ចាក​ចេញ​មែន ខ្ញុំ​គិត​ថា​ Manchester United មាន​ឱកាស​។ ទោះ​ជា​យ៉ាង​ណា​ បើ​តាម​គំនិត​ខ្ញុំ កីឡាករ​ល្អ​ដូច​ជា​គេ មាន​ក្លឹប​ធំៗ​ចង់​បាន​ច្រើន​ណាស់ ដូច្នេះ​យើង​មិន​ដឹង​ទេ​ថា​គេ​នឹង​សម្រេច​យ៉ាង​ណា​នោះ​ទេ។ អ៊ីចឹង​មាន​តែ​លោក Wenger និង ប្រធាន​ក្លឹប​ Arsenal ដែល​ដឹង​ច្បាស់ពីរឿង​ហ្នឹង”។

មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​ឆាប​ឆួល​ឡើង​ដែល​ថា Manchester United កាន់​តែ​ឈាន​ចូល​កាន់​តែ​កៀក​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Alexis Sanchez មក​លេង​នៅ​កីឡដ្ឋាន Old Trafford នា​ខែ​មករា​នេះ បន្ទាប់​ពី​ដៃ​គូ​ប្រជែង​ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​តាម​ទិញ​កីឡាករ​ជាតិ​ស៊ីលីវិញ​ហើយ។ ប៉ុន្តែ​ជាមួយ​គ្នា Chelsea ក៏​មាន​របាយការណ៍​ថា ចាប់​អារម្មណ៍ Sanchez ដែរ៕

ប្រភពពី៖ skysports