លោក Ljungberg ជំរុញឱ្យ Arsenal ឆាប់សម្រេចចិត្តរើសអ្នកចាត់ការថ្មី
អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Arsenal គឺលោក Freddie Ljungberg ជំរុញឱ្យក្លឹប Arsenal ឆាប់សម្រេចចិត្តជ្រើសរើសអ្នកចាត់ការថ្មី ទោះជាការសម្រេចចិត្តនោះមានផលប៉ះពាល់ចំពោះអនាគតរបស់គាត់ក៏ដោយ។

Arsenal ប្រកួតចាញ់ក្លឹប Man City ក្នុងលទ្ធផល ៣ទល់នឹងសូន្យកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែល De Bruyne ជាតារាប្រចាំការប្រកួតនេះ ដោយរកបានគ្រាប់បាល់ ២គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមបាន ១គ្រាប់ទៀត។ក្រុមកាំភ្លើងធំទើបតែឈ្នះបាន ១ប្រកួតប៉ុណ្ណោះ ក្នុង ១២ប្រកួតចុងក្រោយ (គ្រប់កម្មវិធីប្រកួតពានរង្វាន់ទាំងអស់) ដែលក្នុងនោះ មាន ៥ប្រកួតដឹកនាំដោយលោក Ljungberg ជាបណ្ដោះអាសន្ន ក្រោយការដកតួនាទីលោក Emery។
ទោះជាយ៉ាងនេះក្ដី ការស្វែងរកអ្នកចាត់ការថ្មី មិនទំនងជាបានសម្រេចក្នុងពេលឆាប់ៗនោះទេ ខណៈពេលដែលមានព័ត៌មានចចាមអារ៉ាមថាជំនួយការគ្រូបង្វឹករបស់ក្លឹប Man City គឺលោក Mikel Arteta ជាគោលដៅសំខាន់។
លោក Ljungberg បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ “យើងទាំងអស់គ្នាត្រូវសួរខ្លួនឯង។ ខ្ញុំមានអារម្មណ៍ថាជ័យជម្នះ ៣ទល់នឹង១ លើក្លឹប West Ham ជាជំហានទៅមុខធំមួយដ៏ត្រឹមត្រូវ”។
“ខ្ញុំមិនធ្លាប់ឃើញក្រុមយើងលេងបានល្អបែបនេះជាយូរមកហើយ។ ការប្រកួតថ្ងៃនេះ ក្លឹប Man City ជាក្លឹបដែលធំ និងខ្លាំងពូកែជាងយើងឆ្ងាយណាស់”។
“ចំពោះខ្ញុំ ខ្ញុំមានកិត្តិយសដែលបានកាន់តួនាទីមួយនេះ ប៉ុន្តែ Per (លោក Per Mertesacker ជំនួយការរបស់លោក Ljungberg) ដែលជាអ្នកចាត់ការក្រុមថ្នាលត្រូវធ្វើការងារដល់ទៅ២ ក្នុងពេលតែមួយ។ រឿងនេះត្រូវកំណត់ឱ្យច្បាស់ឱ្យបានលឿន”។
“នេះជាអ្វីដែលខ្ញុំចង់និយាយ ប៉ុន្តែការសម្រេចចិត្តអាស្រ័យលើក្លឹប។ ខ្ញុំមានកិត្តិយស ហើយនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ប៉ុន្តែខ្ញុំគិតថាយើងត្រូវសម្រេចចិត្ត មិនថាជាការសម្រេចចិត្តបែបណាក៏ដោយ”៕