លោក Luis Ferafnando Vitorino ប្អូនបង្កើតរបស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា Leonardo Vitorino បានប្រកាសចាកចេញពីក្លឹបវិសាខា ហើយ ក្រោយដឹកនាំក្រុមយុវជន U-15 វិសាខា ជិត ៦ខែកន្លងទៅ។ នេះបើតាមការអះអាងរបស់សាមីខ្លួន លើបណ្ដាញសង្គមកាលពីយប់មិញ។

photo of Luis Ferafnando Vitorino
លោក Luis Ferafnando Vitorino

អតីតគ្រូបង្វឹកអ្នកចាំទីក្លឹបភ្នំពេញក្រោន បានសរសេរថា៖ «ខ្ញុំចង់ប្រកាសនៅពាក់កណ្តាលខែនេះ ខ្ញុំនឹងចាកចេញពី Visakha FC»។ ចំពោះមូលហេតុ គឺដោយសារវិសាខា មិនបន្ដកិច្ចសន្យាថ្មីដល់ខ្លួន ។ ដូច្នេះចាប់ពីថ្ងៃទី១៥ ខែកុម្ភៈតទៅ លោក Luis Fernando Vitorino មិនមែនជាគ្រូ U-15 វិសាខាទៀតឡើយ។

បើតាមការអះអាងរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ខ្លួនជិតកន្លះឆ្នាំ លោកបានដឹកនាំក្រុម U-15 វិសាខាចំនួន ១៧ប្រកួត ក្នុងនោះធ្លាប់ទទួលបានជ័យជម្នះ ១៥ប្រកួត ។ ប៉ុន្ដែក្រោយចែកផ្លូវជាមួយក្លឹបមានមូលដ្ឋាននៅហ្គ្រេនភ្នំពេញ លោកនឹងបន្ដរកក្លឹបថ្មីមួយទៀត ដើម្បីបន្ដអាជីព និងចែករំលែកនូវចំណេះដឹងរបស់ខ្លួន។

photo of  Luis Ferafnando Vitorino
លោក Luis Ferafnando Vitorino

គួររំលឹកផងដែរថា លោក Luis Fernando Vitorino បានមកចូលរួមជាមួយភ្នំពេញក្រោន កាលពីខែមេសា ឆ្នាំ២០១៨ ដោយចាប់ផ្ដើមដំបូងជាមួយក្រុមថ្នាលយុវជន មុននឹងនៅដើមឆ្នាំ២០១៩ ត្រូវបានតម្លើងមកជាគ្រូអ្នកចាំទីក្រុមឈុតធំ បន្ទាប់ពីដំណើរមកដល់របស់បងប្រុសលោក លោក Leonardo Vitorino ឡើងមកធ្វើជាគ្រូឈុតធំ លោកត្រូវបានគេស្គាល់ច្បាស់នៅពេលដែលរួមដំណើរជាមួយបងប្រុសដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីអំឡុងឆ្នាំ២០១៧៕