ក្រុមកាំភ្លើងធំ Arsenal កំពុងព្យាយាមធ្វើកិច្ចព្រមព្រៀងដើម្បីធ្វើឱ្យលោក Mikel Arteta ក្លាយជាគ្រូបង្វឹកថ្មីរបស់ពួកគេ ប៉ុន្តែលោក Freddie Ljungberg នឹងនៅតែជាអ្នកទទួលខុសត្រូវសម្រាប់ជំនួបក្របខ័ណ្ឌ Premier League ដែលត្រូវធ្វើដំណើរទៅកាន់ទីក្រុង Everton នាថ្ងៃសៅរ៍នេះ ។

photo of Mikel Arteta
លោក Mikel Arteta

ក្លឹប Arsenal កំពុងស្ថិតក្នុងដំណាក់កាលនៃការបញ្ចប់លក្ខខណ្ឌចុងក្រោយនៃកិច្ចព្រមព្រៀងជាមួយក្រុម Manchester City ។ អតីតកីឡាកររបស់ក្រុមកាំភ្លើងធំរូបនេះនឹងត្រូវវិលត្រឡប់ទៅកីឡដ្ឋាន Emirates វិញ ហើយបំពេញតួនាទីជាអ្នកចាត់ការជាលើកដំបូងនៃអាជីពជាគ្រូបង្វឹករបស់គាត់ ។

Arteta បានធ្វើការជាមួយលោក Pep Guardiola នៅក្នុងក្រុមមេឃខៀវ Man City ក្នុងនាមជាគ្រូជំនួយ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ Arsenal បើទោះជាគាត់ខ្វះខាតបទពិសោធក្នុងនាមជាគ្រូបង្វឹកយ៉ាងក្ដី ។ ដូច្នេះបុរសសញ្ជាតិអេស្បាញវ័យ ៣៧ឆ្នាំរូបនេះនឹងត្រូវទទួលបន្ទុកក្នុងការនាំយកពេលវេលាល្អៗត្រឡប់មកជូនក្លឹបនៅភាគខាងជើងទីក្រុងឡុងនេះវិញ សម្រាប់ការប្រកួតទាំងអស់នៅក្នុងរដូវកាលនេះ ៕