photo of Mixu Paatelainen
លោក Mixu Paatelainen គ្រូបង្គោល​ក្រុមជម្រើសហុងកុង

លោក Mixu Paatelainen គ្រូបង្គោល​ក្រុមជម្រើសហុងកុង បានសរសើរដល់​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមជម្រើសជាតិកម្ពុជា ដែលមានការរៀបចំល្អ​មួយរយៈចុងក្រោយនេះ ជាពិសេសមានផែនការ និងយុទ្ធសាស្ត្រលេងច្បាស់។

គ្រូបង្វឹកជនជាតហ្វាំងឡង់យល់ឃើញថា ជំនួបរវាងក្រុមទាំងពីរបើកឆាក FIFA World Cup 2022 នៅថ្ងៃភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី០៥ កញ្ញា នឹងប្រកបដោយភាពតានតឹង ព្រោះមើលឃើញពីសមត្ថភាពរបស់​ក្រុមម្ចាស់ផ្ទះដែលធ្វើបានល្អ។

អតីតកីឡាករក្លិប Wolverhampton ពន្យល់បែបនេះ ៖”ខ្ញុំពិតជាសរសើរដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមជម្រើសជាតិ ដែលមានការរៀបចំល្អ។ ឥឡូវពួកគេលេងល្អ មានការរៀបចំច្បាស់លាស់។ បើបច្ចេកទេសវិញ ពួកគេបញ្ជូនបានល្អ មានល្បឿនលឿន គុណភាពប្រយុទ្ធល្អ ហើយ​ពួកគេមានអត្តសញ្ញាតែមួយអ៉ីចឹងទៀត នឹងមានការយល់ចិត្តគ្នាបានល្អ។ សម្រាប់យើង យើងប្រមូលផ្ដុំបានតិចតួច ព្រោះទើបប្រកួតលីគចុងសប្ដាហ៍មុន ហើយកីឡាករខ្លះក៏របួស តែយើងបានរៀបចំអ្នកជំនួសរួចហើយ”។

លោក Mixu បន្ថែមថា កីឡាករកម្ពុជាស្គាល់ទីលានច្រើនជាង តែទោះ​បីមានការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញតិចថ្ងៃ ប៉ុន្តែពួកគេនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីរកគ្រាប់បាល់ឲ្យបានច្រើន៕