យោងតាមសារព័ត៌មានអ៊ីតាលី  Romanista បានឲ្យអះអាងថា គ្រូបង្វឹកក្រុម AS Roma លោក Jose Mourinho ចង់បានខ្សែបម្រើ Ruben Loftus-Cheek របស់ Chelsea មករួមក្រុម។ លោក Mourinho នឹងអំពាវនាវឲ្យកីឡាករ Tammy Abraham ដែលអតីតខ្សែប្រយុទ្ធក្រុម Chelsea ជួយទាក់ទង Loftus-Cheek មកកាន់ទឹកដីអ៊ីតាលីដែរ។

Ruben Loftus-Cheek
Ruben Loftus-Cheek

ជាការពិតណាស់ Abraham និង Loftus-Cheek សុទ្ធតែបានរីកចម្រើសជាមួយគ្នា តាមរយៈថ្នាលយុវជនក្លិប Chelsea។ ហេតុនេះ អ្នកចាត់ការសញ្ជាតព័រទុយកាល់ សង្ឃឹមថាតាមរយៈអនុស្សាវរីយ៍ទាំងនោះ នឹងជួយឲ្យ Abraham អាចបញ្ចុះបញ្ចូលមិត្ដចាស់របស់គេ ឲ្យមក Serie A បាន។

ជាមួយគ្នានេះ មានការអះអាងថា ក្លិប Roma ចង់ចុះហត្ថលេខាក្នុងលក្ខខណ្ឌខ្ចីជើងជាមុន ជាមួយនឹងជម្រើសទិញផ្ដាច់ ប៉ុន្ដែក៏មិនទាន់ច្បាស់ថាក្លិប Chelsea នឹងយល់ព្រមជាមួយលក្ខខណ្ឌនេះ ឬ អត់នោះទេ៕