លោក Jose Mourinho បានធ្វើការប្រៀបធៀបក្តីសង្ឃឹមរបស់ក្រុម Tottenham ក្នុងការបញ្ចប់ជាវិជ្ជមាននៅរដូវកាលនេះ ទៅនឹងការទាក់ជាប់នឹងយ៉រផ្ទះជាន់ទី៤ ក្រោយពីបានបាត់បង់តារាឆ្នើម Son Heung-min ដោយសារតែបញ្ហារបួស។

Jose Mourinho and Son Heung-min
លោក Jose Mourinho and តារាឆ្នើម Son Heung-min

ស្របពេលដែលក្រុមរបស់ខ្លួនបានបាត់បង់ខ្សែប្រយុទ្ធ Harry Kane រហូតដល់បញ្ចប់រដូវកាលនេះរួចជាស្រេច លោក Mourinho បាននិយាយថា លោកមិនរំពឹងទុកថា Son នឹងចូលលេងម្តងទៀតឡើយនៅរដូវកាលនេះ ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូងរូបនេះ បានរបួសដៃស្តាំរបស់គេ ក្នុងពេលក្រុមខ្លួនបានទទួលជ័យជម្នះ ៣-២ នៅលើទឹកដីក្រុម Aston Villa កាលពីថ្ងៃអង្គារ។

photo of Son Heung-min
ខ្សែ​ប្រយុទ្ធ​ Son Heung-min ​​រង​របួស​បាក់​ដៃ

Spurs នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមអាល្លឺម៉ង់ RB Leipzig ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីនេះ នៅមុនពេលជួបជាមួយនឹងក្រុម Chelsea ក្នុងការប្រកួតមួយ ដែលពិតជាសំខាន់ក្នុងការប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។

photo of Son Heung-min
Son Heung-min

នៅពេលដែលលោក Mourinho បានចូលរួមដឹកនាំក្លិប Tottenham កាលពីខែវិច្ឆិកា Spurs ដេញតាមពីក្រោយអតីតក្លិបរបស់លោករហូតដល់ទៅ១២ពិន្ទុ ក្នុងចំណាត់ថ្នាក់លេខ១៤ ប៉ុន្តែ ពួកគេអាចឡើងឈរពីលើក្រុម Chelsea ក្នុងចំណាត់ថ្នាក់លេខ៤តាមរយៈការដណ្តើមបានជ័យជម្នះនៅលើទឹកដី Stamford Bridge នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ លោក Mourinho បាននិយាយកាលពីថ្ងៃអង្គារថា៖ «នៅពេលដែលយើងមកដល យើងស្ថិតក្នុងចំណាត់ថ្នាក់លេខ១២។ យើងបានឡើងតាមជណ្តើរ ហើយយើងបានចាប់ផ្តើមមានចំណាត់ថ្នាក់ខ្ពស់។ ប៉ុន្តែ ភ្លាមៗនោះ ជណ្តើរបានបាក់ខូច»៕