លោក Niko Kovac បានបង្ហើបថា កីឡាករ Ivan Perisic បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមជាមួយក្រុម Bayern Munich បន្ទាប់ពីបានតេស្តសុខភាពជាមួយក្រុមជើងឯក Bundesliga រួចមក ។

លោក Niko Kovac
លោក Niko Kovac

Ivan Perisic ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ចេញពីក្រុម Inter Milan នៃក្របខ័ណ្ឌ Serie A បន្ទាប់ពីការមកដល់របស់លោក Antonio Conte ខណះកីឡាករសញ្ជាតិក្រូអាស៊ីរូបនេះបានទទួលការតេស្តសុខភាពនៅទីក្រុង Munich កាលពីថ្ងៃចន្ទម្សិលមិញនេះ ។ អតីតខ្សែបម្រើស្លាបរបស់ក្លឹប Borussia Dortmund និង Wolfsburg វ័យ ៣០ ឆ្នាំរូបនេះត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយ Bayern Munich លើកិច្ចសន្យាខ្ចីចំនួនមួយរដូវកាល ជាមួយជម្រើសទិញផ្ដាច់កុងត្រាផងដែរ ។

photo of Ivan Perisic
កីឡាករ Ivan Perisic

នៅពេលត្រូវបានសាកសួរអំពី Perisic គ្រូបង្វឹកក្រុម Bayern លោក Kovac បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីទទួលបានជ័យជម្នះ ៣-១ កាលពីថ្ងៃច័ន្ទលើក្រុម Energie Cottbus ក្នុងពានរង្វាន់ DFB-Pokal ថា៖ គាត់  ( Ivan Perisic ) បានស្ថិតក្នុងការត្រួតពិនិត្យសុខភាពនៅថ្ងៃនេះ ( ម្សិលមិញ ) ហើយប្រសិនបើអ្វីៗទាំងអស់នេះដំណើរការបានល្អ ហើយឯកសារចុងក្រោយត្រូវបានបញ្ជូនទៅវិញទៅមក ( ជាមួយ Inter ) បន្ទាប់មកគាត់នឹងក្លាយជាកីឡាករម្នាក់របស់យើង ” ។

គួររំលឹកផងដែរថា ក្រុមរបស់លោក Niko Kovac ក៏កំពុងស្វែងរកការពង្រឹងបន្ថែមនៅតាមតំបន់មួយចំនួនផងដែរ បន្ទាប់ពីការចាកចេញរបស់តារាឆ្នើមពីរូប Franck Ribery និង Arjen Robben កាលពីចុងរដូវកាល ២០១៨-១៩ កន្លងទៅនេះ ។ ខណះ Bayern សង្ឃឹមថា ពួកគេនឹងចុះហត្ថលេខាលើកីឡាករអន្តរជាតិអាល្លឺម៉ង់ Leroy Sane មុនពេលដែលតារាឆ្នើមក្រុម Manchester City រូបនេះបានរងរបួសសរសៃពួរសាច់ដុំ ៕