លោក Pep ចង់អោយ Man City ចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម២រូប
លោក Pep Guardiola មានបំណងចង់អោយក្រុមមេឃខៀវ Man City ចុះហត្ថលេខានាំយកប្រធានក្រុម Aston Villa កីឡាករ Jack Grealish ព្រមជាមួយនិងខ្សែប្រយុទ្ធឆ្នើម Harry Kane មកកាន់ទឹកដី Etihad Stadium នៅរដូវក្តៅនេះយោងគេហទំព័រ ESPN បានចុះផ្សាយ។

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានដាក់គោលដៅអាទិភាពលើខ្សែប្រយុទ្ធឆ្នើមក្រុមមាន់ខ្នាយមាស Tottenham កីឡាករ Harry Kane មកជំនួសតំណែង Sergio Aguero ដែលបានផ្ទេរទៅកាន់ Barcelona ដោយគ្មានតម្លៃខ្លួនកាលពីដើមខែនេះ។
ប្រភពខាងលើបន្តថាអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Guardiola មានចក្ខុវិស័យវែងឆ្ងាយថាការចុះហត្ថលេខារបស់ Grealish គឺមានសារៈសំខាន់ដូចគ្នានឹង Kane។ ជាមួយគ្នានេះ Man City ជឿជាក់ការផ្ទេរខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះក្នុងរង្វង់ទឹកប្រាក់ ១០០ លានផោនបន្ទាប់ពី Aston Villa បានឈានដល់កិច្ចព្រមព្រៀងចរចារផ្ទេរយក Emiliano Buendia ក្នុងតម្លៃ៣៣ លានផោនពីក្លឹបចំណូលថ្មី Norwich City ដូចគ្នា៕