លោក Pep បញ្ជាក់ច្បាស់ៗថា កូនក្រុមរបស់លោករូបនេះ បានស្នើសុំចាកចេញពី Man City
អ្នកចាត់ការទូទៅរបស់ក្លិបមេឃខៀវ Manchester City លោក Pep Guardiola បានបញ្ជាក់ថា ខ្សែបម្រើ Bernardo Silva មានបំណងចង់ចាកចេញពីក្លិប ។

ខ្សែបម្រើសញ្ជាតិព័រទុយកាល់ រូបនេះ នៅតែជាកីឡាករដែលមានទម្រង់លេងលេចធ្លោម្នាក់នៅ Man City ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយ បើទោះជាកាលពីរដូវកាលមុន ដែលក្រុមលើកពាន Premier League រូបគេ មិនសូវបានចូលលេងញឹកញាប់ក៏ដោយ។
ទន្ទឹមនឹងការមកដល់របស់កីឡាករចំណូលថ្មី Jack Grealish បានធ្វើឲ្យតំណែងរបស់ Silva កាន់តែមានការប្រកួតប្រជែងខ្ពស់ ក្នុងការដណ្ដើមយកកៅអី១១នាក់ដំបូង។ ជាមួយគ្នានេះ Silva ត្រូវបានគេរាយការណ៍មកថា ជាគោលដៅនាំចូលរបស់ក្លិបយក្សអេស្ប៉ាញ Atletico Madrid ស្របពេលគ្រូបង្វឹកក្រុម Man City លោក Pep បានអះអាងថា កូនក្រុមរបស់លោករូបនេះ ក៏ចាស់ផ្លាស់ទៅរកទ្រនំថ្មីផងដែរ។
លោក Pep បានថ្លែងទាក់ទងនឹង Silva យ៉ាងដូច្នេះថា៖ គាត់ជាកីឡាកររបស់ពួកយើង។ មិនមែនមានតែ Bernardo (Silva) ទេ នៅមានកីឡាករ៣ទៅ៤នាក់ទៀត ក៏ចង់ចាកចេញដែរ។ ប៉ុន្តែ ពួកគេជាកីឡាករដែលជាប់កុងត្រាជាមួយពួកយើង ហើយនៅពេល ពួកគេដាក់សំណើបញ្ជូនភ្នាក់ងារពួកគេមក ថាចង់ចាកចេញ នោះពួកយើង នឹងបើកទូលាយ ក្នុងការពិភាក្សា។ តែអ្វីៗគឺស្ថិតនៅលើពួកគេ។