អ្នកចាត់ការរបស់ក្រុម Paris Saint-Germain លោក Mauricio Pochettino បានមានប្រសាសន៍ថា Lionel Messi រៀងខ្សត់គ្រាប់បាល់នៅរដូវកាលនេះមិនមែនដោយសារបញ្ហាធ្លាក់ទម្រង់នោះទេ ប៉ុន្តែដោយសារតែរូបគេគ្មានសំណាង។

Lionel Messi នឹង Mauricio Pochettino
Lionel Messi នឹង Mauricio Pochettino

ជាការពិតណាស់ ក្រោយ Messi ផ្ទេរចេញពី Barcelona មកចូលរួមជាមួយ PSG នៅរដូវកាលនេះ គាត់នៅតែបង្ហាញសមត្ថភាពដ៏លេចធ្លោររបស់ខ្លួនដដែល ក្នុងការអូស ញាក់ និង បញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីជាដើម, ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះ គិតមកដល់ពេលនេះរូបគេទើបតែរកបាន ៤ គ្រាប់ប៉ុណ្ណោះ ដែលនេះជាបញ្ហាធំបំផុតសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន។

យ៉ាងណាមិញ សម្រាប់ការប្រកួតនៅក្នុងក្របខណ្ឌ Ligue 1 ដែល PSG ស្មើគ្នា ២-២ ជាមួយក្រុម Troyes ម្សិលមិញ Messi មានឱកាសស៊ុតល្អៗដល់ទៅ ២ លើក ប៉ុន្តែចុងក្រោយរូបគេមិនអាចរកគ្រាប់បាល់បាននោះទេ ដោយគ្រាប់បាល់ទាំង ២ គ្រាប់នោះ បានប៉ះរបាទី និង បង្គោលទីទាំង ២ លើក។

ទាក់ទងនឹងបញ្ហាខាងលើអ្នកចាត់ការលោក Pochettino បានមានប្រសាសន៍ប្រាប់កាសែត L’Equipe យ៉ាងដូច្នេះថា៖ “ខ្ញុំគិតថាមកពីគាត់ជួបសំណាងអាក្រក់។ វាពិតជាមិនគួរឱ្យជឿទេ ព្រោះយើងសឹងតែអាចឈ្នះការប្រកួតម្សិលមិញនៅនាទីចុងក្រោយទៅហើយ ប៉ុន្តែគ្រាប់បាល់របស់គាត់ (Messi) បែជាប៉ះនឹងរបាទីទៅវិញ។ គាត់ជាកីឡាករដែលមានសមត្ថភាពកំពូលម្នាក់ ហើយខ្ញុំគិតថាគ្រាប់យ៉ាងមកពីរដូវកាលនេះគាត់ជួបនូវសំណាងអាក្រក់”៕