លោក Pochettino ថា MNM មិនទាន់ត្រូវជើង ត្រូវការពេលបន្ថែម
លោក Pochettino អ្នកចាត់ការក្រុម PSG និយាយថាកូនក្រុមរបស់លោក ជាពិសេសតំបន់ប្រយុទ្ធខាងលើនៅលេងមិនទាន់យល់ចិត្តគ្នានោះទេ ព្រោះពួកគេទើបបានលេងជុំគ្នាប្រកួតយប់មិញនេះឯង។

PSG ដាក់ប្រយុទ្ធ៣ខាងលើឃើញញ៉ាក់សាច់តែម្ដង Messi ,Neymar និង Mbappe ប៉ុន្តែលទ្ធផលជាក់ស្ដែងពួកគេទាំង៣មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះ Club Brugge បានទៅវិញ។ ដោយលទ្ធផលបញ្ចប់ទៅត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ។ ចំពោះលទ្ធផលនេះដែរ លោក Pochettino បានមើលឃើញថាក្រុមរបស់លោកសមនឹងទទួលបាន១ពិន្ទុនេះហើយ ព្រោះ Club Brugge ធ្វើបានល្អណាស់ប្រកួតនេះ ហើយពួកគេសមនឹងទទួលបានលទ្ធផលនេះ។
មួយវិញទៀតបើនិយាយពីតំបន់ប្រយុទ្ធទាំង៣របស់ PSG វិញ អតីតគ្រូបង្វឹកក្រុម Spurs បាននិយាយថា៖ “យើងត្រូវការពេលដើម្បីធ្វើការជាមួយពួកគេឱ្យយល់ចិត្តគ្នា។ ការកសាងទំនាក់ទំនងត្រូវការពេល។ នោះជារឿងច្បាស់ដែលយើងបាននិយាយប៉ុន្មានថ្ងៃមកហើយ យើងនៅកសាងកសាងក្រុមបន្ថែមទៀត។ គ្មាននរណាសប្បាយចិត្តជាមួយលទ្ធផលនេះទេ យើងមកដើម្បីយកពិន្ទុពេញ។ យើងត្រូវការរក្សាភាពស្ងៀបស្ងាត់ និងបន្ដធ្វើការបន្ថែមទៀតព្រោះត្រូវការពេលវេលា។ គ្រប់យ៉ាងនឹងល្អឡើងវិញ” ៕