អ្នកចាត់ការទូទៅក្លិប Manchester United លោក Ralf Rangnick បានបញ្ជាក់យ៉ាងច្បាស់ៗថា កីឡាករ Anthony Martial ចង់ចាកចេញពីកីឡដ្ឋាន Old Trafford នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

Ralf Rangnick
Ralf Rangnick

ជាការពិតណាស់ នាពេលថ្មីៗនេះ ភ្នាក់ងាររបស់កីឡាករសញ្ជាតិបារាំងខាងលើ បានទម្លាយឲ្យដឹងថា Martial ពិតជាមានបំណងចង់ចាកចេញពី Man Utd មែនទែននៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ ដោយសាររូបគេទទួលបាននាទីបង្ហាញខ្លួននៅលើទីលានស្តួចស្តើងពេក ខណៈ ពេលនេះលោក Rangnick បានទម្លាយឲ្យដឹងថា រូបគេពិតជាចង់ចាកចេញពិតមែន។

លោក Rangnick បាននិយាយថា៖ “Martial បានពន្យល់មកខ្ញុំថា គាត់បានរួមរស់ជាមួយ Man Utd ៧ឆ្នាំហើយ ហើយ គាត់មានអារម្មណ៍ថា​ វាជាពេលវេលាដ៏ស័ក្តិសមបំផុតក្នុងការផ្លាស់ប្តូរទៅកាន់ក្រុមផ្សេង។ ខ្ញុំអាចនឹងយល់ស្របតាមគំនិតរបស់គាត់ ប៉ុន្តែ វាក៏ជារឿងសំខាន់ផងដែរក្នុងការតាមដានស្ថានការរបស់ក្រុម។ ពួកយើងស្ថិតក្នុងជីវិតជាមួយមេរោគកូវីដ-១៩ ហើយ យើងមានពានរង្វាន់បីដែលត្រូវលេង” ៕