លោក Ralf Rangnick បានបញ្ជាក់ថា Shaw នឹង Scott អវត្តមានពេលប៉ះ Spur
អ្នកចាត់ការទូទៅក្លិប Manchester United លោក Ralf Rangnick បានបញ្ជាក់ថា Luke Shaw នឹងអវត្តមានក្នុងការប្រកួតរាត្រីនេះ ខណៈ ចំពោះ Scott McTominay លោកទំនងជានឹងមិនប្រថុយដាក់ឲ្យគេចូលលេងឡើយ។

ជាការពិតណាស់ នៅរាត្រីនេះ Man Utd នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនស្វាគមន៍ Tottenham នៃការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី២៩ ខណៈ កាលពីជើងទី១ ក្រុមបិសាចក្រហមទទួលបានជ័យជម្នះក្នុងលទ្ធផល ៣ទល់នឹង០។
លោក Rangnick បាននិយាយថា៖ “ពួកយើងនឹងបន្តអវត្តមាន Shaw។ មកទល់ម្សិលមិញ រូបគេនៅតែតេស្តឃើញមានវិជ្ជមានកូវីដ-១៩។ ចំពោះ McTominay វិញ គឺ ជាបញ្ហាចោទ គាត់មានបញ្ហារបួសសាច់ដុំ ដូច្នេះយើងនឹងរង់ចាំមើលបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់។
យ៉ាងណាក៏ដោយ គាត់អាចនឹងគ្មានវត្តមានទេ ពីព្រោះប្រសិនបើយើងប្រថុយនឹងប្រើប្រាស់គាត់ គេអាចនឹងអវត្តមានក្នុងការប្រកួតទល់នឹង Atletico Madrid។ ដូច្នេះខ្ញុំត្រូវតែប្រុងប្រយ័ត្ន”៕