លោក Ralf Rangnick ហាក់មានការខកចិត្តចំពោះផែនការរបស់លោកក្នុងការកែប្រែស្ថានភាពរបស់ Manchester United ហើយបើតាមរបាយការណ៍បានឱ្យដឹងថាលោកបានស្នើសុំថ្នាក់លើក្លិបឱ្យលក់កីឡាកររបស់ខ្លួន ៣ នាក់ចេញនៅខែ មករា នេះ។

ជាការពិតណាស់ គ្រូបង្វឹកសញ្ជាតិ អាល្លឺម៉ង់ បានជួបស្ថានភាពគ្រប់បែបយ៉ាងក្នុងការស្នាក់នៅទឹកដី Old Trafford ទោះបីជាមួយរយៈចុងក្រោយនេះលោកហាក់ដឹកនាំ Man UTD ឱ្យទទួលបានលទ្ធផលល្អគួរសមក៏ដោយ ក៏លោកនៅតែមិនទាន់ពេញចិត្តខ្លាំងដែរ។

យ៉ាងណាមិញ កំលុងពេលដឹកនាំរបស់លោក Rangnick មានកីឡាករមួយចំនួនបានស្នើសុំចាកចេញ ដោយសារពួកគេមិនសប្បាយចិត្តចំពោះការទទួលបាននាទីលេងតិចតួច ប៉ុន្តែរហូតមកដល់ពេលនេះ Man UTD មិនទាន់បានលក់កីឡាករណាចេញសូម្បីម្នាក់ទេ។

យោងតាមការចុះផ្សាយរបស់កាសែត Sport Bild បានឱ្យដឹងថា Anthony Martial គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៣ នាក់ដែលលោក Rangnick ពេញចិត្តឱ្យលក់ចេញ ខណៈ Paul Pogba និង Edinson Cavani ក៏ Man UTD កំពុងសម្លឹងរកទីផ្សារលក់ចេញនៅខែ មករា នេះផងដែរ៕