photo of Eden Hazard
កីឡាករ Eden Hazard

អតីតខ្សែការពារឆ្នើមអង់គ្លេស លោក Rio Ferdinand បានបង្ហាញក្ដីព្រួយបារម្ភខ្លាចថា កីឡាករ​ Eden Hazard បានចូលរួមក្រុម Real Madrid ចំពេលមិនល្អ ពោលគឺចំពេលភាពខ្លាំងរបស់ពួកគេធ្លាក់ចុះ។

Real បានចាញ់៣-០នៅទឹកដី Paris St Germain ក្នុងប្រកួតបើកឆាក Champions League យប់ថ្ងៃពុធទី១៨ខែកញ្ញាឆ្នាំ២០១៩។

photo of Rio Ferdinand
អតីតខ្សែការពារឆ្នើមអង់គ្លេស Rio Ferdinand

ក្រុមលោក Zinedine Zidane បានបង្ហាញសមត្ថភាពមិនបានល្អដូចក្រុមចាស់ដែលលោកបានដឹកនាំលើកទី១ឡើយ ហើយ Hazard ដែលបានផ្ទេរមកពី Chelsea ក្នុងតម្លៃ១៣០លានផោន មើលទៅហាក់ដូចជាជនចម្លែកម្នាក់។

Real Madrid Vs PSG
Real Madrid Vs Paris St Germain

ក្រោយការប្រកួតយប់មិញ លោក Ferdinand បាននិយាយក្នុងនាមអ្នកវិភាគ BT Sport ថា៖ «នៅពេលអ្នកទៅចូលរួមក្លិបថ្មីមួយ ជាពិសេសក្លិបធំដូច Real Madrid នេះ អ្នកត្រូវតែមានសិទ្ធិក្នុងការធ្វើជាមនុស្សម្នាក់ដែលទទួលបានគ្រប់បាល់។ គាត់ត្រូវធ្វើអ្វីមួយក្នុងពេលហ្វឹកហាត់និងក្នុងពេលប្រកួតជាក់ស្ដែង។ ខ្ញុំខ្លាចក្រែងគាត់ទៅដល់ទីនោះ(Real)ខុសពេល។ ក្រុម Real បច្ចុប្បន្នកាន់តែចាស់ទៅៗ ពួកគេមិនមែនកំពុងឡើងទេ។ បច្ចុប្បន្ននេះពួកគេមិនមានភាពចំហេះខ្លាំងដូចមុនទេ។ ចំណុចនេះនឹងជះឥទ្ធិពលលើគេរយៈពេលវែង»។