លោក Louis Saha បានណែនាំឲ្យ Manchester United ប្រញាប់លក់ ខ្សែប្រយុទ្ធ Cristiano Ronaldo ចេញនៅរដូវក្ដៅនេះទៅ ព្រោះគេមិនចង់ស្នាក់នៅទីនេះទៀតនោះឡើយ។

Louis Saha នឹង Cristiano Ronaldo
Louis Saha នឹង Cristiano Ronaldo

Ronaldo មិនបានចូលរួមការប្រកួតទេសចរណ៍មុនបើករដូវកាលនៅ Man UTD ឡើយនិងទើបតែបានមកពិភាក្សអនាគតគេជាមួយក្លិប។គេបានជូនដំណឹងទៅក្លិបថាចង់ចាកចេញ ប៉ុន្តែក្លិបនៅរក្សាគោលជំហរមិនលក់គេនោះឡើយ។

ទន្ទឹមនឹងនោះ Ronaldo ក៏បានឲ្យភ្នាក់ងាររបស់គេគឺលោក Jorge Mendes ពិភាក្សាជាមួយក្លិបធំៗនៅអឺរ៉ុបដូចជា Chelsea និង Bayern Munich ដោយសារចង់លេងពាន Champions League ។

ទាក់ទងនឹងរឿងនេះ លោក Louis Saha បាននិយាយថា៖ “បាទ បើសិនគេមិនចង់លេងឲ្យក្លិបទៀតទេ អ្នកត្រូវតែលក់គេចេញទៅ។ គេមិនបានចូលរួមការប្រកួតទេសចរណ៍ផង គេក៏មិនបានមកហ្វឹកហាត់ដែរដូច្នេះអ្នកត្រូវបង្ហាញគេពីច្បាប់ទម្លាប់ក្នុងក្រុម។ គេជាកីឡាករលំដាប់ថ្នាក់ពិភពលោក តែក្រុមនេះគឺត្រូវរួមគ្នា មិនមែនជាកីឡាប្រភេទលេងម្នាក់ៗឯងទេ។ ខ្ញុំជាអ្នកគាំទ្រធំរបស់ Cristiano ហើយខ្ញុំយល់ពីគោលដៅចំបងរបស់គេ ប៉ុន្តែអ្នកត្រូវសម្រេចចិត្តហើយ ខ្ញុំក៏ចង់ឃើញថារឿងនេះវាទៅជាយ៉ាងណា”៕