photo of Maurizio Sarri
លោក Maurizio Sarri គ្រូបង្វឹករបស់ក្រុមសេះបង្កង់ Juventus

លោក Maurizio Sarri គ្រូបង្វឹករបស់ក្រុមសេះបង្កង់ Juventus នឹងត្រូវអវត្តមានក្នុងការប្រកួត ២លើកដំបូងរបស់ក្រុមម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Serie A មួយនេះ នៅរដូវកាលថ្មីនេះ នៅពេលជួបក្រុម Parma និង Napoli ខណៈដែលលោកត្រូវសម្រាកព្យាបាលជំងឺហើមសួត។ នេះបើយោងទៅតាមការប្រកាសរបស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌអ៊ីតាលីមួយនេះ កាលពីថ្ងៃព្រហស្បតិ៍។

ពួកគេបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោក Maurizio Sarri បានទទួលការត្រួតពិនិត្យបន្ថែមទៀតនៅថ្ងៃនេះ ដែលបានបង្ហាញពីការវិវឌ្ឍយ៉ាងល្អ។ ដើម្បីទទួលបានការជាសះស្បើយទាំងស្រុងពីជំងឺហើមសួត ដែលបានវាយប្រហារទៅលើរូបលោកកាលពី៣ ទៅ៤ថ្ងៃមុន គ្រូបង្វឹករូបនេះ នឹងមិនអាចដឹកនាំក្រុមបានឡើយសម្រាប់ការប្រកួត២លើកដំបូងរបស់ក្របខ័ណ្ឌ Serie A ជាមួយនឹងក្រុម Parma និង Napoli ការសម្រេចចិត្តនេះ នឹងធ្វើឲ្យលោកអាចជាសះស្បើយទាំងស្រុង»។

លោក Sarri វ័យ៦០ឆ្នាំ បានបង្ហាញវត្តមាននៅលើទីលានហ្វឹកហាត់របស់ក្រុម Juventus កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្របសម្រួលការងារជាមួយនឹងបុគ្គលិកគ្រូបង្វឹករបស់លោក។ ក្រុមម្ចាស់ការពារតំណែងជើងឯក៨សម័យកាល Juventus នឹងបើករដូវកាលរបស់ខ្លួនដោយប្រកួតជាមួយនឹងក្រុម Parma នាកីឡដ្ឋាន Stadio Ennio Tardini នៅថ្ងៃសៅរ៍ និងត្រូវលេងជាមួយនឹងក្រុមម្ចាស់ជើងឯករងកាលពីឆ្នាំមុន Napoli នៅទីក្រុង Turin នាថ្ងៃទី៣១ ខែសីហា៕