លោក Sarri មិនសប្បាយចិត្តបន្ទាប់ពីគ្មានវត្តមាន Ronaldo នៅក្នុងការប្រកួត Serie A
ការសំរេចចិត្តរបស់គ្រូបង្វឹក Maurizio Sarri ក្នុងការអនុញ្ញាតឲ្យតារាឆ្នើម Cristiano Ronaldo មានពេលសំរាកពីការប្រកួត បានធ្វើឲ្យមានការមិនសប្បាយចិត្ត បន្ទាប់ពីក្រុម Juventus បានត្រឹមស្មើ Lecce ១-១ នៅក្នុងការប្រកួត Serie A កាលពីយប់ម៉ិញ។

Paulo Dybala បានរកគ្រាប់បាល់បើកឆាកសំរាប់ក្រុមសេះបង្កង់នៅនាទីទី ៥០ ដោយការស៊ុតបាល់ប៉េណាល់ទី ប៉ុន្ដែ ក្រុមម្ចាស់ផ្ទះក៏ទទួលបានបាល់១១ម៉ែត្រវិញ ហើយធ្វើបានសំរេចដោយ Marco Mancosu បន្ទាប់ពីបាល់ប៉ះដៃខ្សែការពារ Matthijs de Ligt។

ក្រោយចប់ការប្រកួតលោក Sarri បាននិយាយថា៖ “Ronaldo មានការហត់នឿយ ផ្នែកកាយសម្បទា និង ផ្នែកអារម្មណ៍។ ការនាំគេមកទីនេះ មិនបានធ្វើឲ្យគេបានប្រសើរឡើងនោះទេ។

“នៅពេលដែលកីឡាករម្នាក់ មានការនឿយហត់ខ្លាំង ពេលនោះ វាពិតជាត្រឹមត្រូវដែលឲ្យគេសំរាក។ វាជាអ្វីដែលធ្វើឲ្យគេមានអារម្មណ៍បែបនេះផងដែរ។ ការពិតទៅ យើងបានបង្កើតឱកាសរកគ្រាប់បាល់បាន១០លើក ហើយយើងមិនអាចបញ្ចប់ទីបាន។”