លោក Maurizio Sarri ​បាន​រង​ការ​រិះគន់​និង​ងឿង​ឆ្ងល់​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​កីឡាករ​ឆ្នើម Cristiano Ronaldo ក្រោយ​ពេល​ដែល​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ត្រូវ​បាន​ប្តូរ​ចេញ ជំនួស​ដោយ Paulo Dybala។

photo of Maurizio Sarri ​
លោក Maurizio Sarri ​

ត្បិត​ទទួល​បាន​ជ័យជម្នះ​និង​ជា​ការ​សម្រេច​ទី​ដោយ Dybala ក៏​ពិត​មែន តែ​មាន​មតិ​ជា​ច្រើន​ហាក់​មិន​អស់​ចិត្ត​ទាល់​តែ​សោះ។

ក្រោយ​បិទ​ការ​ប្រកួត​លោក Sarri ក៏​បាន​បកស្រាយ​ជុំវិញ​រឿងរ៉ាវ​ទាំង​នេះ​ដូច​គ្នា ដោយ​លោក​ប្រាប់ Sky Sport Italia ថា៖ “វា​ជា​រឿង​ធម្មតា​ហើយ​ដែល​គេ​នឹង​មាន​អារម្មណ៍​មិន​ល្អ​ពេល​ចាកចេញ​ពី​ទីលាន ជា​ពិសេស​នៅ​ពេល​ដែល​គេ​ខិតខំ​ខ្លាំង ប៉ុន្តែ​ដោយ​សារ​មើល​ឃើញ​ភាព​មិន​ស្រួល​របស់ Ronaldo ដែល​កន្លង​ទៅ​គេ​បាន​រង​បញ្ហា​របួស​ជង្គង់ បែប​នេះ​គឺ​លេង​មិន​ដល់​កម្រិត​ដ៏​ល្អ​ដែល​យើង​ចង់​បាន​នោះ​ទេ”។

លោក​សង្កត់​ធ្ងន់៖ “គ្រប់​កីឡាករ​ទាំង​អស់​ដែល​ព្យាយាម​ខ្លាំង អ៊ីចឹង​យ៉ាង​តិច​ក៏ ៥ នាទី​ដែរ ដែល​ទទួល​ការ​រំខាន​ផ្លូវ​ចិត្ត​ពេល​ត្រូវ​ប្តូរ​ចេញ​បែប​នេះ តែ​សម្រាប់​គ្រូ​បង្វឹក​នឹង​ព្រួយ​បារម្ភ​ទៅ​វិញ​ទេ ប្រសិន​ថា​ពួក​គេ​ត្រូវ​ប្តូរ​ចេញ​ហើយ​មិន​មាន​រឿង​អ្វី​កើត​ទុក្ខ​នោះ”៕