photo of Eric Bailly
Eric Bailly នឹង​ត្រូវខក​ខាន​ការ​ប្រកួត​ពី៤ ទៅ៥ខែ ក្រោយពេល​ដែលគេ​​វះកាត់​ជង្គង់​រួច

លោក Ole Gunnar Solskjaer បាន​លើក​ឡើងថា​ កីឡាករ Eric Bailly ប្រហែល​ជាមិនអាច​លេងបានទេ​នៅ​ក្នុងរដូវកាលថ្មីនេះ ក្រោយពេល​ដែលគេ​​វះកាត់​ជង្គង់​រួច។

កីឡាករ​ដែល​មាន​វ័យ ២៥ឆ្នាំ​រូប​នេះ​បាន​រង​របួស​ជង្គង់​​ពេល​ប្រកួត​មិត្តភាពជាមួយ​ក្លឹប Tottenham នៅប្រទេស​ចិន​កាលពីសប្ដាហ៍​មុន។

សញ្ញាដំបូង​មិនល្អនោះទេ ហើយ Bailly ប្រហែល​ជា​មិនអាច​លេង​បានទេ​ក្នុងឆ្នាំ​២០១៩ ដោយ​សារ​គេ​ក៏​មាន​បញ្ហា​របួសជង្គង់​ដែរ​ក្នុងរដូវកាល​មុន។

លោក Ole Gunnar Solskjaer បាន​បញ្ជាក់​ព័ត៌​មាន​នេះ​ក្រោយពេល​ទស្សនា​ក្រុមរបស់​​លោកនាំមុខ​ក្រុម​ណរវ៉េយស៍ Kristiansund ១ទល់នឹង​សូន្យ​កាលពីថ្ងៃអង្គារម្សិល​មិញ​នេះ។

Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

លោក​បាន​និយាយថា៖ “Eric បានទទួលការវះកាត់​រួចហើយ គេ​នឹង​ត្រូវ​សម្រាក​ពី៤ ទៅ៥ខែ។ យើង​សង្ឃឹម​ថា​គេ​អាច​ចូលលេង​វិញ​បាន​ក្នុងអំឡុង​​ជិត​បុណ្យ​ណូអែល”។

លោក Solskjaer បានទទួលស្គាល់ថា​ក្រុម​របស់​លោក​សំណាង​ហើយ​ដែល​អាច​ឈ្នះ​ការប្រកួត​​មិត្ត​ភាព​ ៥លើកជាប់គ្នា​​។

កូនប្រុស​របស់​លោក Solskjaer គឺ​ Noah ដែលលេង​ឱ្យ​ក្រុម​ Kristiansund បានប្ដូរ​ចូល នៅ​ក្នុងនាទី​ដែល​​ក្លឹប​កំពុង​តែលំបាក ខណៈ​ដែលកូនប្រុស​ពៅរបស់គាត់គឺ Elijah នៅ​អង្គុយ​ក្បែរ​គាត់​ទស្សនា​ការប្រកួត​នេះ​ពីដើមដល់ចប់។

​នៅពេល​ត្រូវគេ​សួរ​ថា​តើ​គ្រួសាររបស់គាត់​មានមោទនភាព​ចំពោះ​ការ​ប្រកួត​នេះ​ឬទេ លោក Solskjaer បាន​និយាយថា៖ “ខ្ញុំគិតថាអញ្ចឹង ព្រោះ Noah បានចូល​លេង​ជា​លើក​ដំបូង​នៅ​ចំពោះ​មុខ​អ្នក​ទស្សនា ២៨ ០០០នាក់។ យុវជន​សញ្ជាតិ​ណរវ៉េយស៍​មិនងាយ​មាន​ឱកាស​បែបនេះ​នោះទេ។ Elijah នៅអង្គុយ​ក្បែរខ្ញុំ​ជាប់រហូត គាត់​ពេញចិត្ត​នឹង​ការ​ប្រកួតនេះ​ណាស់”។

ក្រុម​បិសាច​ក្រហម​នឹង​ជួបប្រកួត​ International Champions Cup ជាមួយ​ក្លឹប AC Milan នៅ​ថ្ងៃសៅរ៍​នេះ៕