លោកគ្រូបង្វឹក Thomas Tuchel បានសារភាពថាលោកពិតជាមានការសោកស្ដាយណាស់ដែលបើកផ្លូវឲ្យខ្សែការពារ Tino Livramento ចាកចេញពីក្លិបតោខៀវ Chelsea និងបានបង្ហើបថាក្លិបព្យាយាមឃាត់គេឲ្យស្នាក់នៅតែមិនមិនបានសម្រេច។

Thomas Tuchel
Thomas Tuchel

Livramento ដែលមានអាយុត្រឹមតែ១៨ឆ្នាំជាកីឡាករបណ្ដុះចេញពីឈុតយុវជនរបស់ Chelsea និងបានឈ្នះពានកីឡាករយុវជនឆ្នើមជាងគេរបស់ក្លិបប្រចាំរដូវកាល ២០២០-២០២១ ដោយគេធ្លាប់មានឈ្មោះអង្គុយកៅអីបម្រុងក្នុងការប្រកួតឈុតធំរវាង Chelsea ទល់នឹង Manchester City និង Arsenal ទៀតផង។

Tino Livramento
Tino Livramento

ដោយសារឃើញសមត្ថភាពរបស់ខ្សែការពារវ័យក្មេងរូបនេះ Chelsea ក៏បានព្យាយាមចរចាបន្តកុងត្រាដល់រូបគេនៅដើមឆ្នាំនេះប៉ុន្តែកាលពីខែកក្កដាកន្លងទៅ កីឡាកររូបនេះបានសម្រេចចិត្តមិនបន្តកុងត្រាថ្មីនិងបានផ្ទេរទៅក្លិប Southampton ក្រោមលក្ខខណ្ឌ Chelsea អាចទិញយកគេមកវិញបាន។

យ៉ាងណាមិញ Tino Livramento អាចនឹងមានមុខក្នុងការប្រកួតជាមួយអតីតក្លិបរបស់ខ្លួននៅចុងសប្តាហ៍នេះ ពេល Southampton ធ្វើដំណើរមកទឹកដី Stamford Bridge ។

លោក Tuchel បានបង្ហើបពីការសោកស្ដាយដែលបាត់បង់គេថា៖ គេបានសម្រេចចិត្តចាកចេញ នោះជាការសម្រេចចិត្តរបស់គេហើយពួកយើងមានតែព្រមទទួលយក។ គេត្រូវប្រកួតដណ្ដើមតំណែងខ្សែការពារស្លាបស្ដាំជាមួយ Reece James និង ហើយខ្ញុំគិតថាគេគួរតែអាចធ្វើបាន។ពួកយើងបានផ្ដល់ឱកាសដល់គេតែគេបានចាកចេញ ពួកយើងសូមជូនពរឲ្យគេសំណាងល្អ ៕