ម្ចាស់​ពាន Ballon d’Or ៣​សម័យ​​​លោក Marco van Basten បាន​លើក​ឡើង​ថា នរណា​ដែល​​គិត​ថា ​Cristiano Ronaldo ល្អ​ជាង Lionel Messi ពួក​គេ​នោះ​គ្មាន​ដឹង​អ្វី​ពី​បាល់ទាត់​ឡើយ។

Marco van Basten
Marco van Basten

Messi ខ្សែ​ប្រយុទ្ធ​របស់ PSG និង Ronaldo តារា​របស់ Manchester United ត្រូវ​បាន​គេ​​​យក​មក​និយាយ​វែកញែក​​ជា​ច្រើន​ឆ្នាំ​​មក​ហើយ​ថា នរណា​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក។ ក្នុង​ចំណោម​ការ​ពិភាក្សា​ទាំង​អស់ លោក Van Basten ក៏​បាន​ចូល​ខ្លួន​មក​និយាយ​អំពី​ទស្សនៈ​របស់​ខ្លួន​​លើ​កីឡាករ​កំពូល​ទាំង​ពីរ​រូប។

អតីត​គ្រូ​របស់​ជម្រើស​ជាតិ​ហុល្លង់​បាន​និយាយ​ថា Ronaldo គឺ​ជា​កីឡាករ​អស្ចារ្យ​ម្នាក់ ប៉ុន្តែ​​សម្រាប់​អ្នក​ដែល​ថា គេ​ល្អ​ជាង Messi ពួក​គេ​នោះ​មិន​ដឹង​អ្វី​សោះ​ឡើយ​ពី​បាល់ទាត់។ Messi ជា​កីឡាករ​ប្លែក​ពី​គេ​ម្នាក់ ដែល​គ្មាន​នរណា​អាច​​ធ្វើ​បាន​ដូច​។ កីឡាករ​ដូច​ Messi ក្នុង​រយៈពេល​៥០​ទៅ​១០០​ឆ្នាំ​ទើប​មាន​ម្ដង។

Messi កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​​ធ្លាប់​បាន​ឈ្នះ​ពាន​ Ballon d’Or ៧​សម័យ​ និង​រក​បាន​ជាង​៨០០​គ្រាប់​​សម្រាប់​ក្លឹប​និង​ជម្រើសជាតិ។ ​ទោះ​បី​មាន​ការ​សរសើរ​បែប​នេះ​ក្ដី លោក Van Basten មិន​បាន​ចាត់​ទុក Messi ជា​កីឡាករ​កំពូល​ទាំង​៣​ក្នុង​ចិត្ត​របស់​លោក​ឡើយ។ Pele, Diego Maradona និង Johan Cruyff គឺ​ជា​កីឡាករ​​ល្អ​បំផុត​សម្រាប់​ Van Basten៕