ខ្សែ​ប្រយុទ្ធ​ Erling Haaland បាន​ព្រមព្រៀង​ផ្លាស់​ពី​ក្លឹប​ Borussia Dortmund មក​លេង​ឲ្យ​ក្លឹប​ Manchester City នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ នឹង​ចុះ​ផ្សាយ​ជា​ផ្លូវការ​នៅ​ក្នុង​សប្ដាហ៍​នេះ​។ ​បើ​តាម​​សារព័ត៌មាន​ The Athletic ដែល​មាន​ចុះ​ផ្សាយ​លើ​សារព័ត៌មាន​ Marca នៅ​ក្នុង​ថ្ងៃ​នេះ​។

Erling Haaland
Erling Haaland

កន្លង​មក​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ កីឡាករ​រូប​នេះ​មាន​បំណង​ចាកចេញ​ពី​ Dortmund ទៅ​កាន់​ Barcelona ឬ​ Real Madrid ប៉ុន្តែ​ក្រោយ​មក​គេ​ក៏​ស្ដាប់​ឪពុក​របស់​គេ​ ដែល​ចង់​ឲ្យ​កូន​មក​កាន់​ Man City នេះ​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ Sebastian Kehl នាយក​កីឡា​ក្លឹប​ Dortmund បាន​បញ្ជាក់​ទៅ​កាន់​លោក​ Fabrizio Romano កំពូល​អ្នកកាសែត​ខាង​ទិញ​ដូរ​លក់​កីឡាករ​កាល​ពី​ម្សិលមិញ​បាន​​ឲ្យ​ដឹង​ដែរ​ថា​ អនាគត​ Haaland នឹង​បញ្ជាក់​ច្បាស់លាស់​ក្នុង​សប្ដាហ៍​នេះ​ ដោយ​លោក​រំពឹង​ថា​កីឡាករ​នេះ​នឹង​ចាកចេញ​ពី​ Dortmund ។

Man City ត្រូវ​បាន​គេ​ដឹង​បាន​ទាក់ទង​ចង់​បាន​ Haaland ជិត​ដិត​ប៉ុន្មាន​អាទិត្យ​ចុង​ក្រោយ​ បើ​អ្វី​ៗ​ទៅ​តាម​ការ​គ្រោង​ទុក​ក្លឹប​នេះ​នឹង​ប្រកាស​ជា​ផ្លូវការ​ក្នុង​សប្ដាហ៍​នេះ​ហើយ​។

ក្នុង​រដូវកាល​នេះ​ Haaland ចូល​លេង​ឲ្យ​ Dortmund បាន​ ២៩ប្រកួត​ និង​ស៊ុត​ចូល​ ២៨គ្រាប់​៕