ខ្សែ​ការពារ​ឆ្វេង​របស់ Manchester United កីឡាករ Alex Telles រំពឹង​ថា​នឹង​ពិនិត្យ​សុខភាព​​ជាមួយ​ក្រុម Sevilla ក្នុង​សប្ដាហ៍​នេះ​​ មុន​ពេល​ចូលរួម​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង។

Tyrell Malacia
Tyrell Malacia

Sevilla ក៏​បាន​កំណត់​ខ្សែ​ការពារ​របស់​បិសាច​ក្រហម​ម្នាក់​ទៀត​គឺ​​ Eric Bailly ស្ថិត​ក្នុង​គោលដៅ​របស់​ពួក​គេ​ដើម្បី​មក​ជំនួស​កន្លែង Jules Kounde ដែល​បាន​ចេកចេញ​ទៅ​កាន់ Barcelona។ Telles វ័យ​២៩​ឆ្នាំ​​​មិន​ស្ថិត​ក្នុង​តម្រូវ​ការ​របស់​លោក Erik ten Hag ឡើយ​សម្រាប់​រដូវ​កាល​ថ្មី។

Ten Hag ទើប​តែ​ទិញ​ខ្សែ​ការពារ​ឆ្វេង Tyrell Malacia ដើម្បី​បង្កើន​ការ​ប្រជែង​ជាមួយ Luke Shaw ខណៈ Lisandro Martinez ក៏​អាច​​លេង​នៅ​តំបន់​ខាង​ឆ្វេង​បាន​ដូច​គ្នា។ Telles ដែល​បាន​ចូលរួម​ជាមួយ United ផ្លាស់​ពី​ក្លឹប Porto ក្នុង​តម្លៃ​ខ្លួន​១៥,៨​លាន​ផោន​កាល​ពី​ឆ្នាំ​២០២០ បង្ហាញ​ខ្លួន​បាន​២៦​ប្រកួត​កាល​ពី​រដូវ​កាល​មុន។

ដោយ​សារ​តែ​ការ​មក​ដល់​របស់ Tyrell ធ្វើ​ឲ្យ Telles ខិតជិត​ផ្លាស់​ទៅ​កាន់ Sevilla ក្នុង​ពេល​ឆាប់​ៗ​ខាង​មុន​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង។ ក្លឹប Sevilla មាន​ទំនាក់ទំនង​ល្អ​ជាមួយ United ណាស់​​និង​ជឿជាក់​ Telles ​នឹង​អាច​​បាន​ច្រើន​នៅ​ក្នុង​ក្រុម៕