ក្លឹបបាល់ទាត់វិសាខា
វិសាខា ធ្វើសន្និសីទបង្ហាញសមាជិកថ្មីថ្ងៃនេះ

ពិតជាគួរឲ្យចាប់អារម្មណ៍មែន! សម្រាប់ក្លឹបបាល់ទាត់វិសាខា នឹងមានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញវត្តមានសមាជិកថ្មីរបស់ខ្លួន សម្រាប់ត្រៀមការប្រកួតជើងទី២ នៃលីគកំពូលកម្ពុជា នារសៀលថ្ងៃទី៣០ ខែឧសភានេះ ស្របពេលបែកធ្លាយព័ត៌មានចរចាមអារាមថា អាចមានកីឡាករឆ្នើមៗ កម្ពុជា ដែលទើបត្រូវបានក្លឹបលីគកំពូលម៉ាឡេស៊ីផ្ដាច់កុងត្រាកាលពីពេលថ្មីៗ ដូចជា ចាន់ វឌ្ឍនាកា, កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម ផងដែរ ។

យ៉ាងណាមិញ ព័ត៌មានច្បាស់ការនឹងត្រូវបង្ហាញក្នុងសន្និសីទដ៏គួរឲ្យចាប់អារម្មណ៍ខាងលើ ។ ការរៀបចំសន្និសីទបង្ហាញសមាជិកថ្មីនេះដែរ គឺក្រោយពេលក្រុមវិសាខា បានប្រកួតចាញ់ក្រុមអង្គរស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ៣-១ ក្នុងជំនួបសប្ដាហ៍ទី៧ កាលពីថ្មីៗ ។

យោងតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបឡើងមកពីលីគលំដាប់ទី២ នេះបានឲ្យដឹងថា សន្និសីទនេះ នឹងធ្វើឡើងនាវេលាម៉ោង ១៖៣០នាទីរសៀលនេះ ដើម្បីបង្ហាញពីកីឡាករថ្មី ដែលត្រូវរួមរស់ជាមួយក្រុមខ្លួន ត្រៀមការប្រកួតជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨។ បច្ចុប្បន្នវិសាខា កំពុងឈរលេខរៀងទី៤ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួត ឈ្នះ៤ ស្មើ១ និងចាញ់២ មាន១៣ពិន្ទុ។ ប្រកួតចុងក្រោយវិសាខា ចាញ់ក្រុមក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផលបច្ចេកទេស ៣-១៕

ចាន់ វឌ្ឍនាកា,ផ កែវ សុខផេង, ប្រាក់ មុន្នីឧត្តម
កែវ សុខផេង, ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា