ក្រុម​បាល់ទាត់​នៃ​លីគ​អាជីព​កម្ពុជា​វិសាខា នឹង​ធ្វើ​ការ​ប្រកួត​ជា​មួយ​យុវជន​ U18 នៃ​ក្លឹប Fukushima នា​វេលា​ម៉ោង ៥ ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ជំនួប​មិត្ត​ភាព​​អន្តរជាតិ​នៃ​ទំនាក់​ទំនង​ការ​ទូត​​កម្ពុជា-​ជប៉ុន​គម្រប់​ ៦៥​ឆ្នាំ​។

photo  of វិសាខា
វិសាខា នឹងត្រូវប្រកួតជាមួយ​ U18 Fukushima របស់ជប៉ុន នៅល្ងាចថ្ងៃសុក្រនេះ

ការប្រកួតនេះ រៀនចំ​ឡើងក្នុងគោលបំណងសំខាន់ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា បានចាត់ទុកការប្រកួតនេះ គឺជាឱកាសដ៏ល្អ ដើម្បីធ្វើតេស្ដកីឡាករចាស់-ថ្មី ពិសេសកីឡាករយុវជន ទើបផ្ទេរមកពីសាលាបាល់ទាត់ជាតិបាទីតែម្ដង។

លោកគ្រូបង្វឹកខាងលើ បានលើកឡើងថា «កីឡាករដែលជាប់ក្រុមជម្រើសជាតិលើកនេះយើងមិនបានកោះហៅទេ យើងប្រើកីឡាករក្មេងៗ និងចាស់ៗដែលសេសសល់សម្រាប់ការប្រកួតជាមួយក្រុមយុវជនមកពីជប៉ុននេះ។ ប្រកួតនេះគឺជាការល្អមួយ ដើម្បីយើងធ្វើតេស្ដសមត្ថភាពកីឡាករថ្មីៗ ហើយអាចឈានដល់ការធ្វើតេស្ដកីឡាករបរទេសមួយចំនួនផងដែរ ។ តែភាគរយច្រើន យើងផ្ដោតលើកីឡាករថ្មីៗ ពិសេសយុវជនមកពីសាលាបាល់ទាត់ជាតិបាទី តើគាត់អាចសហការគ្នា គាត់ខ្វះខាតកន្លែងណា និងត្រូវបំពេញកន្លែងណា ដើម្បីធ្វើឲ្យស៊ីជម្រៅជាមួយកីឡាករចាស់ៗ មុនរដូវកាលថ្មីមកដល់»

photo  of វិសាខា
វិសាខា នឹងត្រូវប្រកួតជាមួយ​ U18 Fukushima របស់ជប៉ុន នៅល្ងាចថ្ងៃសុក្រនេះ

គួររម្លឹកថា ​ក្រុម​យុវជន​​ក្រោម​១៨​ឆ្នាំ ​Fukushima បាន​ប្រកួត​ចាញ់​ក្រុម​យុវជន​បាទី​១-០​ ម្ដង​រួច​មក​ហើយ​ ​កាល​ពី​ពីរ​ថ្ងៃ​មុន ដែល​ជា​ការ​ប្រកួត​​មិត្ត​ភាព​អបអរ​ខួប​ទំនាក់​ទំនង​ការ​ទួត​ដូច​គ្នា៕ ​​