កីឡាករទាំងពីររូបនេះរកបានគ្រាប់បាល់សរុប​ច្រើនជាង២០០គ្រាប់ដូចគ្នាក្នុងអាជីពដ៏ជោគជ័យ ប៉ុន្តែវីរបុរសអាល្លឺម៉ង់ Miroslav Klose បានសរសើរប្រធានក្រុមប៉ូឡូញនិងជាខ្សែប្រយុទ្ធ Bayern Munich បច្ចុប្បន្ន Robert Lewandowski ថាជាកីឡាករដែលល្អជាងលោកដល់ទៅ១០ដង។

photo of Robert Lewandowski
Robert Lewandowski ខ្សែប្រយុទ្ធ Bayern Munich

លោក Klose ដែលជាពូជពង្សអាល្លឺម៉ង់តែកើតនៅប៉ូឡូញ រកបាន១២១គ្រាប់ក្នុងការលេងសរុប៣០៧ប្រកួតក្នុងក្របខ័ណ្ឌ Bundesliga សម្រាប់ Kaiserslautern, Werder Bremen និង Bayern Munich ពីឆ្នាំ១៩៩៩ដល់២០១១ មុនទៅ​ចូល​រួម Lazio ដល់​ចូល​និវត្តន៍​ក្នុង​ឆ្នាំ​២០១៦​ ខណៈ Lewandowski រកបាន២១៣គ្រាប់ពី២៩៧ប្រកួតមក​ទល់​ពេលនេះ​ តែខណៈគេកំពុងប្រកបអាជីពនិងនៅល្អនៅឡើយ ច្បាស់ណាស់ថាតួលេខគ្រាប់បាល់របស់គេនឹងកើនឡើងថែមទៀត។ បើសរុបគ្រប់ពានសម្រាប់ក្លិប Lewandowski រកបានសរុប៣០៩គ្រាប់រួចទៅហើយតាំងពីលេងឱ្យ Dortmund រហូតដល់ Bayern ក្រោយផ្លាស់ពីក្លិបប៉ូឡូញ Lech Poznan មកអាល្លឺម៉ង់ក្នុងឆ្នាំ២០១០មក។

photo of Miroslav Klose
វីរបុរសអាល្លឺម៉ង់ Miroslav Klose

ថ្វីបើតួលេខគ្រាប់បាល់ក្លិប Klose រកបានតិចជាង Lewandowski តែនៅក្រុមជម្រើសជាតិវិញ Klose ល្បីល្បាញខ្លាំង ហើយលោកគឺជាម្ចាស់ឯតទគ្គកម្មរកបានគ្រាប់បាល់ច្រើនបំផុតក្នុងជុំផ្ដាច់ព្រ័ត្រ World Cup ដោយរកបាន១៦គ្រាប់ពីការបង្ហាញខ្លួន៤ព្រឹត្តិការណ៍។ លោករកបានសរុប៧១គ្រាប់ពីការលេង១៣៧លើកសម្រាប់អាល្លឺម៉ង់ពីឆ្នាំ២០០១ដល់២០១៤ និងបានឈ្នះពាន World Cup 2014, រងជើងឯកឆ្នាំ២០០២ និងរងជើងឯក Euro 2008។

Robert Lewandowski and Miroslav Klose
Robert Lewandowski and Miroslav Klose

ទោះបីមានស្ថិតិគួរឱ្យសរសើរបែបនេះក្ដី លោក Klose ដែលសព្វថ្ងៃជាគ្រូបង្វឹក U18 Bayern និយាយដាក់ខ្លួនមួយទំហឹងតែម្ដង ដោយប្រាប់សារព័ត៌មាន Bild ថា៖ «Robert Lewandowski លេងដូចខ្ញុំតិចតួច ប៉ុន្តែគាត់ល្អជាងខ្ញុំ១០ដង។ គាត់ជាខ្សែប្រយុទ្ធល្អគ្រប់ជ្រុងជ្រោយ គាត់ប្រើជើងទាំង២បានល្អ, ខ្លាំងបាល់លើ និងស៊ុតយ៉ាងអស្ចារ្យ»។

គួរជម្រាបថា Lewandowski វ័យ៣១ឆ្នាំកំពុងឈរលេខរៀងទី៤ក្នុងបញ្ជីអ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Bundesliga នៅក្រោម Gerd Muller, Klaus Fischer និង Jupp Keynckes៕