វេស្ទើនភ្នំពេញ ទទួលបាន ១ពិន្ទុដំបូងបំផុត ក្រោយ ១៤ប្រកួតកន្លងទៅបរាជ័យរហូត

នៅទីបំផុតក្លិបបាល់ទាត់វេស្ទើនភ្នំពេញ អាចស្គាល់នូវរស់ជាតិមួយពិន្ទុលើកដំបូងនៅក្នុងរដូវកាល ២០១៨ នៃក្របខណ្ឌ Metfone Cambodian League បានហើយក្រោយពីពួកគេបានប្រកួតស្មើគ្នាជាក្លិបក្រសួងការពារជាតិក្នុងលទ្ធផល ៣-៣ ក្នុងជំនួបសប្ដាហ៍ទី ១៥ កាលពីថ្ងៃអាទិត្យ កន្លងទៅ។
លទ្ធផលនេះបានធ្វើឲ្យពួកគេមានក្តីសង្ឃឹមឡើងវិញ ក្នុងការប្រជែងផុតពីតំបន់គ្រោះថ្នាក់ ដែលនៅពីក្រោមអគ្គិសនីកម្ពុជា ត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះ គ្រាដែលលក្ខន្តិកៈលីគរដូវកាលនេះ តំរូវឲ្យក្រុមនៅតំបន់គ្រោះថ្នាក់តែ ១ ប៉ុណ្ណោះ ត្រូវធ្លាក់ទៅលីគទីពីរ។
ក្រៅពីនេះផងដែរ វាគឺជាលទ្ធផលដែលបានកាត់ផ្តាច់នូវកំណត់ត្រាអស្ចារ្យរបស់ក្រសួងការពារជាតិ ដែលទទួលបានជ័យជម្នះ ៧ប្រកួតជាប់គ្នា ចាប់តាំងពីសប្តាហ៍ទី ៨ កន្លងមក ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាលទ្ធផលស្មើដំបូងបំផុតក្នុងរដូវកាល ក្រោមការដឹកនាំរបស់លោក ភា សុភ័ត្រ្តា ផងដែរ ដែលកន្លងមក ធ្លាប់តែ ឈ្នះ និងចាញ់តែប៉ុណ្ណោះ ។

គួរឲ្យដឹងផងដែរថា ក្រុមវេស្ទើន បានបើកការនាំមុខសាជាថ្មី ដោយខ្សែប្រយុទ្ធវ័យក្មេង កែវ ឧត្តម តែយ៉ាងណាក៏ដោយប្រធានក្រុមរបស់ក្លិបក្រសួងការពារជាតិកីឡាករ រ៉ឹង ប៊ុនហៀង ដដែលជាអ្នកតាមស្មើជាលើកទី ២នៅចុងម៉ោងទៅហើយ។ ចំណែកលទ្ធផល ៣-៣ នេះដែរបានរក្សារហូតដល់បញ្ចប់ការប្រកួតនៅក្នុងសប្តាហ៏ទី ១៥ នៃពានរង្វាន់ Metfone Cambodian League ឆ្នាំ ២០១៨។
ដូច្នេះក្រុមបាល់ទាត់វេស្ទើនភ្នំពេញអាចស្គាល់នូវរសជាតិមួយពិន្ទុលើកដំបូងរបស់គេបានហើយក្នុងចំណោមការប្រកួត ១៥លើកកន្លងទៅ ខណៈដែលក្រសួងការពារជាតិវិញត្រូវបញ្ចប់ការឈ្នះ ៧លើកជាប់ៗគ្នារបស់គេត្រឹមស្មើនេះក្រោយពីស្មើគ្នានេះ៕

