ក្លឹបកីឡាបាល់ទាត់សូលទីឡូអង្គរ និងអង្គការ Forza Academy បានប្រកាសភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើនការអភិវឌ្ឍន៍វិស័យបាល់ទាត់ក្នុងខេត្តសៀមរាប ដែលជាទិសដៅស្របគ្នារបស់ភាគីទាំងពីរ។ អង្គការ Forza Academy ក៏បានបង្កើតក្រុមបាល់ទាត់កម្រិតពាក់កណ្ដាលអាជីពមួយ នៅខេត្តសៀមរាបផងដែរ ។ ទន្ទឹមជាមួយគ្នា ពួកគេបានបណ្ដុះបណ្ដាលយុវជនជាច្រើន ដែលមកទល់ពេលនេះមានយុវជនក្រោមអាយុ ១៣ឆ្នាំ, ១៥ឆ្នាំ និងក្រោមអាយុ ១៧ឆ្នាំប្រមាណ ៣៥០នាក់ឯណោះ បានស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលបាល់ទាត់របស់អង្គការក្រៅរាជរដ្ឋាភិបាលមួយនេះ ។

ដោយមើលឃើញពីទិសដៅស្របគ្នានេះហើយ ទើបក្លឹបសមាជិកលីគកំពូលកម្ពុជាខាងលើ បានភ្ជាប់កិច្ចសន្យាជាមួយអង្គរ Forza Academy ដូច្នេះ ។ តាមសេចក្ដីប្រកាសរបស់ក្លឹបសូលទីឡូអង្គរ បានបញ្ជាក់ថា៖ «ដោយផ្អែកលើគោលដៅរបស់យើងទាំងពីរដូចគ្នា ទើបយើងអាចឈានដល់ការភ្ជាប់កិច្ចសហប្រតិបត្តិការនេះឡើង ដើម្បីបន្ដបណ្ដុះបណ្ដាលកីឡាបាល់ទាត់ដល់យុវជនក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជាយើងឲ្យកាន់តែលូតលាស់ថែមទៀត និងផ្ដល់ក្ដីសង្ឃឹម និងអនាគតល្អៗដល់ពួកគេ»។

គួរបញ្ជាក់ថា ក្រៅពីចាប់ដៃជាមួយក្លឹបមានតារាបាល់ទាត់លំពិភពលោក Keisuke Honda ជាប្រធានក្លឹបនេះ អង្គការ Forza Academy ក៏មានទំនាក់ទំនងយ៉ាងល្អជាមួយក្លឹបអង្គរថាយហ្គឺរ ដែលមានមូលដ្ឋានលើទឹកដីខេត្តសៀមរាបផងដែរ ។ ជាក់ស្ដែងកន្លែងមក មានយុវជនជាច្រើនរូបមកហើយ ដែលត្រូវបានក្លឹបអង្គរថាយហ្គឺរនាំយកទៅបណ្ដុះបណ្ដាលបន្ថែម តួយ៉ាងដូចជាកីឡាករ ភាព ចាន់ដេវីត ជាដើម ដែលបានចុះកុងត្រារយៈពេលវែងជាមួយអង្គរថាយហ្គឺរ ហើយរូបគេក៏មានប្រភពចេញពីអង្គការ Forza Academy នេះដែរ ៕