ក្រុម​ជម្រើសជាតិ​សេណេហ្គាល់​បាន​ឈ្នះ​ពាន​រង្វាន់ Africa Cup of Nations ជា​លើក​ដំបូង​ ក្រោយ​ឈ្នះ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៤ ទល់នឹង ២ លើ​អេហ្ស៊ីប​កាល​ពី​យប់​មិញ។

ម្ចាស់ជើងឯកពានរង្វាន់ Africa Cup of Nations
ម្ចាស់ជើងឯកពានរង្វាន់ Africa Cup of Nations

ការ​ប្រកួត​​ដែល​រៀបចំ​ឡើង​ក្នុង​ប្រទេស​កាមេរ៉ូន ក្រុម​ជម្រើសជាតិ​សេណេហ្គាល់​​និង​អេហ្ស៊ីប​បាន​បញ្ចប់​ត្រឹម​លទ្ធផល ០ ទល់នឹង ០ ប៉ុណ្ណោះ​ក្រោយ​លេង​អស់ ​១២០​នាទី។ ដូច្នេះ​​ពួក​គេ​ត្រូវ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី ជា​លទ្ធផល​សេណេហ្គាល់​បាន​យក​ឈ្នះ ៤ ទល់នឹង ២ លើ​អេហ្ស៊ីប។

លោក Aliou Cisse គ្រូ​របស់​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​បាន​និយាយ​ថា​ វា​បាន​បង្ហាញ​ថា ប្រសិន​បើ​អ្នក​ខិតខំ តស៊ូ អ្នក​នឹង​​ទទួល​បាន​ផល​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ លោក​ពិត​ជា​មាន​អារម្មណ៍​រំជួល​ចិត្ត ព្រោះ​តែ​ប្រជាជន​សេណេហ្គាល់​​ចង់​ឈ្នះ​ពាន​នេះ​​អស់​រយៈពេល​ ៦០​ឆ្នាំ​មក​ហើយ។

ម្ចាស់ផ្ទះ​កាមេរ៉ូន​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣​ប៉ុណ្ណោះ ក្រោយ​ឈ្នះ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​លើ​ប៊ូគីណាហ្វាសូ ៥ ទល់នឹង ៣៕