photo of ស៊ិន កក្កដា
ស៊ិន កក្កដា នឹងត្រូវពាក់អាវលេខ១១ ជំនួស វឌ្ឍនាកា ឲ្យក្រុមជម្រើសជាតិ

ក្រុមជម្រើសជាតិកម្ពុជា បានសម្រេចប្រគល់លេខ១១របស់តារាឆ្នើម ចាន់ វឌ្ឍនាកា ទៅឲ្យខ្សែបម្រើវ័យក្មេង ស៊ិន កក្កដា ពាក់ជំនួសវិញ ក្នុងជំនួបមិត្តភាពដែលក្រុមគោព្រៃ នឹងប៉ះម៉ាឡេស៊ី នាល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ។

អ្នកគាំទ្រធ្លាប់តែឃើញលេខ១១ស្ថិតលើខ្នងតារាជើងស៊ុតកម្ពុជា វឌ្ឍនាកា រហូតជាប់ងារជា CV11 រហូតមក។ ប៉ុន្តែពេលនេះ សមាជិកក្លឹបបឹងកេតបានរបួសជើងនិងអវត្តមានពីជម្រើសជាតិ ទើបការបង្ហាញឈ្មោះក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់មានឈ្មោះកក្កដាទៅវិញ។

ក្រុមរហស្សនាមគោព្រៃខៀវ នឹងជួបប្រកួតមិត្តភាពជាមួយជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី១០ កញ្ញា នេះវេលាម៉ោង៦និង៣០នាទីល្ងាច។ ក្នុងការប្រកួតកម្ដៅសាច់ដុំដ៏ធំនេះ រថយន្ដថ្មី, ឯកសណ្ឋានថ្មី និង បន្ទប់ផ្លាស់សម្លៀកបំពាក់ថ្មីក៏នឹងត្រូវដាក់ឲ្យប្រើប្រាស់ផងដែរ។​

ដោយឡែក ស៊ិន កក្កដា ជាកីឡាករវ័យ​ក្មេងលេចធ្លោមួយរូបពី​ក្លិបភ្នំពេញក្រោន។ យុវជនវ័យ១៨ឆ្នាំ ត្រូវបានអតីត​គ្រូបង្គោលជម្រើសជាតិកម្ពុជា Leonardo Vitorino ចាត់ទុកថា ជាអ្នកស្នងតំណែង​កីឡាករឆ្នើមពីចាន់ វឌ្ឍនាកា នាពេលអនាគត៕