នាពេលថ្មីៗនេះ ស្ដេចខ្សែប្រយុទ្ធ Zlatan Ibrahimovic បានបង្ហើបឱ្យដឹងថា គាត់អាចនឹងត្រូវវិលត្រឡប់ទៅកាន់ក្របខណ្ឌ La Liga វិញ ។ កិច្ចព្រមព្រៀងរបស់អតីតខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតជាមួយក្រុម LA Galaxy នៅក្នុងក្របខណ្ឌ MLS បានផុតកំណត់ បន្ទាប់ពីពួកគេបានរងបរាជ័យក្នុងលទ្ធផល ៥-៣ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Western Conference ។

photo of Zlatan Ibrahimovic
ស្ដេចខ្សែប្រយុទ្ធ Zlatan Ibrahimovic

មានរបាយការណ៍បានលើកឡើងថា បុរសវ័យ ៣៨ ឆ្នាំរូបនេះអាចពិចារណាវិលត្រឡប់ទៅកាន់អឺរ៉ុបវិញ ដោយសារព័ត៌មានអ៊ីតាលីសង្ឃឹមថា គាត់អាចនឹងជ្រើសរើសយកក្រុមនៅក្របខណ្ឌ Serie A ។ ទោះយ៉ាងណាវាហាក់ដូចជាខ្សែប្រយុទ្ធចាស់វស្សារូបនេះអាចនឹងវិលត្រឡប់ទៅកាន់ក្របខណ្ឌ La Liga លើកទី ២ ។ ដោយ Ibrahimovic បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងសារនៅលើបណ្ដេញ Instagram របស់គាត់ ដោយបានបង្ហោះវីដេអូខ្លីមួយដែលក្នុងនោះគាត់បាននិយាយថា៖ ” Hola Espana! សាកទាយមើល? ខ្ញុំនឹងត្រឡប់មកវិញ ” ។

Zlatan Ibrahimovic
Zlatan Ibrahimovic

ក្នុងអំឡុងពេលអាជីព ២០ ឆ្នាំរបស់គាត់ តារាឆ្នើមលំដាប់ពិភពលោករូបនេះបានចំណាយពេលតែមួយឆ្នាំប៉ុណ្ណោះនៅក្នុងក្របខណ្ឌ La Liga ។ វាពិតជាបទពិសោធដ៏គួរឱ្យធុញទ្រាន់ជាមួយក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Pep Guardiola ដែលជាទីកន្លែងធ្វើឱ្យរូបគេមិនសូវបានបង្ហាញខ្លួននោះទេ ព្រោះគាត់មិនសាកសមជាមួយនឹងទម្រង់លេង Tiki-Taka របស់ក្លឹបយក្សនៅតំបន់កាតាឡាន ។

Zlatan Ibrahimovic
Zlatan Ibrahimovic

អតីតកីឡាកររបស់ក្លឹប PSG និង Manchester United រូបនេះក៏ធ្លាប់បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយផងដែរទាក់ទងនឹងលីគកំពូលអាមេរិក ដោយគាត់បាននិយាយថា៖ ” ប្រសិនបើខ្ញុំស្នាក់នៅ ខ្ញុំគិតថាសម្រាប់ MLS វាល្អ ពីព្រោះពិភពលោកទាំងមូលនឹងមើលវា ។ ប្រសិនបើខ្ញុំមិនស្នាក់នៅ គ្មាននរណាម្នាក់ចាំបានថា MLS គឺជាអ្វីនោះទេ ” ៕