ភ្នាក់ងារ​របស់ Jorginho បាន​ទម្លាយ​ម្ដង​ទៀត​ថា ខ្សែ​បម្រើ​របស់ Chelsea រូប​នេះ​​​​អាច​នឹង​ចាកចេញ​ពី​ក្លឹប​ដែល​កំពុង​​ជួប​វិបត្តិ ដោយ​នឹង​ទៅ​លេង​​នៅ Serie A។

Jorginho
Jorginho

លោក João Santos បាន​និយាយ​ថា Jorginho អាច​​នឹង​ចូលរួម​ជាមួយ AC Milan, Inter, Juventus, Roma ឬ Napoli។ ខណៈ​កន្លង​ទៅ​លោក​ធ្លាប់​បាន​ទៅ​ពិភាក្សា​ជាមួយ​ក្លឹប​ Barcelona និង Paris Saint-Germain លើ​អនាគត​កីឡាករ​វ័យ​៣០​ឆ្នាំ​ផងដែរ។

អនាគត​របស់ Jorginho នៅ Stamford Bridge កំពុង​ស្ថិត​ក្នុង​មន្ទិល បន្ទាប់​ពី Chelsea ជាប់​បម្រាម​មិន​ឲ្យ​ពង្រីក​កុងត្រា​​​ថ្មី​ជាមួយ​កីឡាករ​ក្នុង​ក្លឹប​បច្ចុប្បន្ន​។ វា​ក៏​ព្រោះ​តែ​​រដ្ឋាភិបាល​​អង់គ្លេស​បាន​ដាក់​​ទណ្ឌកម្ម​​លើ​ប្រធាន​ក្លឹប​លោក Roman Abramovich។

កីឡាករ​សញ្ជាតិ​អ៊ីតាលី​​ដែល​ឈ្នះ​ពាន Champions League និង Club World Cup ជាមួយ Chelsea នឹង​អស់​កុងត្រា​ជាមួយ​ក្លឹប​នៅ​រដូវ​ក្ដៅ​ឆ្នាំ​២០២៣។ លោក Santos បាន​បញ្ជាក់​ថា ក្លឹប​ធំ​ៗ​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍ Jorginho។ ហើយ​ការ​ទៅ​លេង​នៅ Serie A គឺ​ជា​ក្ដី​សុបិន​​របស់​គេ។ គេ​អាច​នឹង​​ទៅ​លេង​នៅ Milan, Inter, Juventus, Roma ឬ Napoli៕