ស្ថិតិលទ្ធផល ៥ប្រកួតចុងក្រោយរបស់ កម្ពុជា និង អ៊ីរ៉ង់ មុនជួបគ្នា
ការប្រកួតវគ្គជម្រុះ World Cup 2022 ដំណាក់កាលទី២ តំបន់អាស៊ី សម្រាប់ពូល C គឺនឹងបន្តធ្វើការប្រកួតទី៣ នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៩ខាងមុខនេះ ដោយមាន ២ប្រកួត គឺ អ៊ីរ៉ង់ ជួប កម្ពុជា និង អ៊ីរ៉ាក់ ជួប ហុងកុង ខណៈដែល បារ៉ែន មិនមានការប្រកួតឡើយ។

ស្ថិតិ ៥ប្រកួតចុងក្រោយរបស់អ៊ីរ៉ង់ មុនប៉ះកម្ពុជា មានដូចជា៖ អ៊ីរ៉ង់ បានប្រកួតឈ្នះ ជម្រើសជាតិចិន នៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៩ ក្នុងពានរង្វាន់ AFC Asian Cup 2019 និងក្រោយមកចាញ់ ជប៉ុន ៣-០ នៅថ្ងៃទី ២៨ ខែ មករា ។ នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០១៩ ពួកគេ បានប្រកួតមិត្តភាពឈ្នះ ក្រុមជម្រើសជាតិស៊ីរី លទ្ធផល ៥-០ និង ស្មើជាមួយ កូរ៉េខាងត្បូង ១-១ នៅថ្ងៃទី ១១ ខែ មិថុនា ។ ប្រកួតទី៥ របស់អ៊ីរ៉ង់ គឺបានយកឈ្នះលើ ហុងកុង ២-០ ក្នុងវគ្គជម្រុះពូល C នេះតែម្តង ដោយទទួលបាន ៣ពិន្ទុដំបូងផងដែរ។
រីឯស្ថិតិ ៥ប្រកួតចុងក្រោយរបស់កម្ពុជា មុនប៉ះអ៊ីរ៉ង់ វិញមានដូចជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ កម្ពុជា បានបើកឆាកប្រកួតប្រចាំឆ្នាំថ្មីរបស់ខ្លួន ដោយចាញ់ក្រុមជម្រើសជាតិបង់ក្លាដែស ក្នុងជំនួបមិត្តភាព លទ្ធផល ១-០ និងក្រោយមកប្រកួតឈ្នះ ប៉ាគីស្ថាន ក្នុងវគ្គជម្រុះដំណាក់កាលទី១ ពានរង្វាន់ FIFA World Cup 2022 ក្នុងទឹកដី ២-០ និងក្រៅទឹកដី ២-១ ។ ២ប្រកួតចុងក្រោយរបស់កម្ពុជា គឺក្នុងពូល C នេះតែម្តង ដោយស្មើគ្នាជាមួយ ហុងកុង ១-១ កាលពីថ្ងៃទី ៥ ខែ កញ្ញា និង ចាញ់បារ៉ែន ១-០ នៅប្រាំថ្ងៃបន្ទាប់។
ស្ថិតិប្រកួតរវាងក្រុមទាំងពីរ ដែលធ្លាប់ជួបគ្នាក្នុងប្រវត្តិសាស្ត្របាល់ទាត់គឺមានតែ ២លើកប៉ុណ្ណោះ ពោលគឺនៅឆ្នាំ ១៩៧២ ក្នុងការប្រកួតជម្រុះ AFC Asian Cup ក្នុងប្រទេសថៃ ដែលកាលនោះ កម្ពុជា ចាញ់ទាំងពីរប្រកួត ពោលគឺលើកទី១ ចាញ់ ២-០ និងលើកទី២ ចាញ់ ២-១។
បច្ចុប្បន្ន កម្ពុជា កំពុងប្រមូលផ្តុំហ្វឹកហាត់ជាមួយកីឡាករបឋមសរុប ២៦រូប ក្រោមការបង្វឹកផ្ទាល់ដោយគ្រូបង្គោលលោក Felix Dalmas មុនចេញដំណើរទៅកាន់ទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី ៥ ខាងមុខ៕