ក្រុមព្រះខ័នរាជស្វាយរៀង បានទទួលពានជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ផ្លូវការហើយ ដោយទទួលបានប្រាក់រង្វាន់ចំនួន ៦០លានរៀល បន្ទាប់ពីបញ្ចប់ការប្រកួតសប្ដាហ៍ទី២៥ ដោយយកឈ្នះ ក្រុមអាស៊ីអឺរ៉ុប ៦-១ នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់មិញ។

ដើម្បីអបអរសាទរថ្ងៃពិសេស ថ្ងៃលើកពានផ្លូវការ មុនបញ្ចប់រដូវកាល ក្រុមព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យអ្នក គាំទ្ររបស់ខ្លួន មានការពេញចិត្តកាន់តែខ្លាំង ចំពោះសមិទ្ធផលក្នុងរដូវកាលឆ្នាំ២០១៩ ពិសេសការយកឈ្នះ ក្រុមអាស៊ីអឺរ៉ុប ៦-១ ដើម្បីរក្សានូវកំណត់ត្រាមិនស្គាល់ចាញ់ ពោលគឺ ២៥ប្រកួតឈ្នះ២០ និងស្មើ៥។

ទន្ទឹមជាមួយភាពសប្បាយរីករាយរបស់ក្រុមព្រះខ័នរាជស្វាយរៀង ក៏មានមហាជន និងអ្នកគាំទ្រមួយចំនួន បាននាំគ្នារិះគន់ទៅលើប្រាក់រង្វាន់ខាងលើដែរ ដោយពួកគេនាំគ្នាបញ្ចេញមតិស្រដៀងៗគ្នាថា ប្រាក់រង្វាន់ ៦០លានរៀល មិនសាកសម្យ ចំពោះការខំប្រឹង និងការចំណាយធនធានដ៏ច្រើនរបស់ក្លឹបនីមួយៗ ឡើយ។

ប៉ុន្ដែទោះមានការរិះគន់យ៉ាងណា គណៈកម្មការរៀបចំការប្រកួត នៅតែរក្សាគោលការណ៍របស់ខ្លួនដដែល ជាក់ស្ដែងប្រាក់រង្វាន់ ៦០លានរៀល ត្រូវបានអនុវត្តជាច្រើនឆ្នាំមកហើយ ហើយការរិះគន់ ក៏មិនមែនទើបមានដែរ ពោលគឺរៀងរាល់ឆ្នាំ ក្រោយចប់ការប្រកួត រឿងប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកនេះ តែងតែក្លាយជាប្រធាន បទក្ដៅ។ តែក៏មានក្លឹបមួយចំនួន លួចបង្ហើបទាំងមិនពេញចិត្ត ចំពោះប្រាក់រង្វាន់នេះដែរ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នេះវិញ ទោះបីពិធីប្រគល់ពានក្រុមជើងឯក ត្រូវបានរៀបចំហើយក្ដី តែការប្រកយតមិនទាន់បញ្ចប់នោះទេ ពោលគឺក្រុមនីមួយៗ នៅសល់ ១ប្រកួត ក្នុងដៃទៀត ជាក់ស្ដែងក្រុមជើងឯកព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមណាហ្គាវើលដ៏ នាថ្ងៃទី០១ ខែវិច្ឆិកាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានស្ដាតចាស់៕