ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសបន្ដកិច្ចសន្យាជាមួយកីឡាករសំខាន់ៗរបស់ខ្លួន ៧នាក់ មុនរដូវកាលថ្មី ឆ្នាំ២០១៨ ចូលមកដល់ តែក្លឹបបានប្រកាសសុពលភាពកិច្ចសន្យាជាមួយកីឡាករតែ ៣នាក់ប៉ុណ្ណោះ ខណៈសមាជិកក្រុមជម្រើសជាតិកម្ពុជាចំនួន ៤នាក់ មិនត្រូវបានបង្ហើបឲ្យដឹងពីរយៈពេលក្នុងការចុះកិច្ចសន្យាថ្មីនោះទេ ។

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង

ចំពោះសមាសភាពកីឡាករត្រូវបានក្លឹបឈរចំណាត់ថ្នាក់លេខ៦ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ បន្ដកិច្ចសន្យារួមមានកីឡាករ នុប តុលា, ជា សំណាង និងអ្នកចាំទី អាំ សុវណ្ណារ៉ាត់ ត្រូវបានក្លឹបបន្ដរហូតដល់ឆ្នាំ២០២១ ។ រីឯកីឡាករ ប្រាក់ មុន្នីឧត្តម, សឿយ វិសាល, សារ៉េត គ្រីយ៉ា និង នេន សុធារដ្ឋ ពួកគេទាំង ៤ មិនត្រូវបានក្លឹបបង្ហើបឲ្យដឹងពីសុពលភាពនៃកិច្ចសន្យានោះទេ ស្របពេលបច្ចុប្បន្ន ពួកគេកំពុងជាប់បេសកកម្មជួយក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ។

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង

គួរបញ្ជាក់ថា កីឡាករស្នូលទាំង ៧នាក់ខាងលើ បានរួមចំណែកជួយក្លឹបព្រះខ័នរាជស្វាយរៀងជាច្រើនរដូវកាលមកហើយ តែរដូវកាលឆ្នាំ២០១៨ ក្លឹបហាក់បញ្ចប់បេសកម្មប្រកួតពានរង្វាន់ក្របខណ្ឌថ្នាក់ជាតិមិនបានល្អនោះទេ ពោលគឺបានត្រឹមលេខ៦ នៃលីគកំពូលកម្ពុជា ក្រោយឆ្លងកាត់ ២២ប្រកួតឈ្នះ១០ ស្មើ៣ និងចាញ់៩ មាន ៣៣ពិន្ទុ ។ រីឯពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន អតីតក្រុមជើងឯក ៤សម័យកាលនេះ បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីប្រកួត ២ជើងចាញ់ក្រុមក្រសួងការពារជាតិ ៥-៤ ៕