អង់គ្លេសប៉ះអាល្លឺម៉ង់នៅម៉ោង ៥ល្ងាច តែអ្នកគាំទ្រអង់គ្លេសនាំគ្នាទៅតៀមស្រាតាំងពីម៉ោង ៧ព្រឹក
អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសមួយចំនួនបាននាំគ្នាទៅកាន់តៀមស្រាមួយកន្លែងនៅទីក្រុង Sheffield តាំងពីម៉ោង ៧ព្រឹក ដើម្បីរង់ចាំមើលប្រកួតរវាងប្រទេសរបស់ខ្លួន ប៉ះនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់នៅក្នុងព្រឹត្តិការណ៍ UEFA Euro 2020 វគ្គ ១៦ក្រុមចុងក្រោយ ដែលនឹងចាប់ផ្ដើមរហូតដល់ទៅម៉ោង ៥ល្ងាចមកម្ល៉េះ។

រូបភាពនៃកម្មវិធី អរុណសួស្ដីអង់គ្លេស របស់ទូរទស្សន៍ ITV ត្រូវបានគេចែកចាយតៗគ្នា ដោយក្នុងរូបនោះ គេសង្កេតឃើញជនជាតិអង់គ្លេសពាក់អាវជម្រើសជាតិបាល់ទាត់របស់ខ្លួន ហើយថែមទាំងអង្គុយក្នុងបៀហ្គាឌិន អមជាមួយកែវប៊ីយែរស្ទើរតែមួយកែវៗម្នាក់ផងដែរ។
ក្រៅពីមានការចុះផ្សាយពីរូបភាពទាំងនេះ អ្នកនយោបាយ និងសហជីពការងារនៅអង់គ្លេសក៏បានសំណូមពរឲ្យថៅកែៗអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនចេញម៉ោង ៤ល្ងាច ដើម្បីចូលរួមគាំទ្រអង់គ្លេសទាំងអស់គ្នា។
អង់គ្លេសនឹងបើកទ្វារកីឡដ្ឋាន Wembly ទទួលក្រុមជម្រើសជាតិអាល្លឺម៉ង់នៅក្នុងថ្ងៃនេះ ម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)៕