អង្គរថាយហ្គឺរ
អង្គរថាយហ្គឺរ ត្រៀមបញ្ជូនកីឡាករ ៣នាក់ ទៅហាត់នៅជប៉ុន រយៈពេល២សប្ដាហ៍

ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ សមាជិកពានរង្វាន់លីគកំពូលកម្ពុជា បានប្រកាសថាត្រៀមបញ្ជូនយុវជនចំនួន៣នាក់ ទៅហ្វឹកហាត់នៅប្រទេសជប៉ុន រយៈពេល២សប្ដាហ៍ ពោលគឺនៅចុងខែសីហានេះ។

ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាប មួយនេះបានជូនដំណឹងកាលពីពេលថ្មីៗថា៖«ក្លិបនឹងបញ្ជូនកីឡាករវ័យក្មេង៣នាក់ អោយទៅហ្វឹកហាត់នៅប្រទេសជប៉ុនចំនួន២ សប្តាហ៍។ កីឡាករវ័យក្មេង៣នាក់រួមមាន កីឡាករ ភាព ចាន់ដេវីត, ចិន ណារក្ស និងសុវណ្ណ ដូណា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី១៦ ខែសីហានេះ រហូតដល់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដើម្បីចូលរួមហ្វឹកហាត់ជាមួយសាលាបាល់ទាត់Vivaio Funabashi S.C ដែលសិ្ថតនៅទីក្រុង Funabashi ក្នុងខេត្ត Chiba និងទៅទស្សនាការប្រកួតបាល់ទាត់ J-League ផងដែរ»។

នេះជាលើកទី២ ហើយដែលក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបញ្ជូនកីឡាកររបស់ខ្លួន ទៅហ្វឹកហាត់នៅប្រទេសជប៉ុន ដែលកាលពីឆ្នាំ២០១៧ ក្លឹបបានបញ្ជូនកីឡាករ ភាព ចាន់ដេវីត អោយទៅហ្វឹកហាត់នៅប្រទេសជប៉ុន រយះពេល១ សប្តាហ៏ និងបានទៅជួបកីឡាករ ចាន់ វឌ្ឍនាកា ថែមទៀតផង ដែលកាលនេះកីឡាករ ចាន់ វឌ្ឍនាកា កំពុងប្រកបអាជីពជាមួយ ក្លឹប Fujieda MYFC។