ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ (Angkor Tiger FC) សមាជិកក្នុងពានរង្វាន់ជម្រើសជើងឯកជាតិ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានសម្រេចចិត្តបន្តកិច្ចសន្យាជាមួយកីឡាករ៣នាក់ ក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៨ ថ្មីៗនេះ។

កីឡាករ​ទាំង​៣​នាក់​នោះ ​មាន​អ្នកចាំទី ហែម ស៊ីម៉ៃ, តាំង ពិសី និងកីឡាករជប៉ុន Joichiro Sugiyama។ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្លិប​ បាន​សង្កត់​ធ្ងន់​ថា កីឡាករ​ទាំង​៣ ត្រូវ​បាន​ក្លិប​សម្រេច​ចិត្តបន្តកិច្ចសន្យាចំនួន១ឆ្នាំទៀតដូចគ្នា។ កីឡាកទាំង៣សុទ្ធសឹងតែធ្លាប់ជាតួរសំខាន់ក្នុងការជួយក្រុមក្នុងរដូវកាលកន្លងទៅនេះ។

photo of តាំង ពិសី
កីឡាករ តាំង ពិសី របស់ អង្គរថាយហ្គឺរ
photo of ហែម ស៊ីម៉ៃ
កីឡាករ ហែម ស៊ីម៉ៃ របស់ អង្គរថាយហ្គឺរ
photo of Joichiro Sugiyama
កីឡាករ Joichiro Sugiyama របស់ អង្គរថាយហ្គឺរ

ក្រុមខេមបូឌានថាយហ្គឺរ ដែលមានប្រធានក្លិបជនជាតិជប៉ុន បានបញ្ចប់រដូវកាលរបស់ខ្លួនក្នុងលីគកំពូលកម្ពុជា ត្រឹមចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមក្លិបទាំង១២នៅលីគកំពូលកម្ពុជា រដូវកាលនេះ ក្រោយប្រកួតបាន២២លើក ឈ្នះ៧លើក ស្មើបាន៧លើក និងចាញ់៨លើក មាន២៨ពិន្ទុក្នុងដៃ។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញ ក្រុមនេះបានធ្លាក់ចេញត្រឹមវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ក្រោយចាញ់ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា ២ទល់០។

ក្រុមអង្គរថាយហ្គឺរ បានប្តូរឈ្មោះមកពីក្រុមត្រាយអាស៊ីភ្នំពេញ កាលពីចុងរដូវកាល២០១៤ ហើយនៅរដូវកាល២០១៥ គឺជាកំណត់ត្រាល្អរបស់ក្លិប ពោលគឺអាចឡើងដល់វគ្គ៤ក្រុមចុងក្រោយទាំងពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ក្រោយឈរចំណាត់ថ្នាក់លេខ៣ដូចគ្នា។ ក្រុមនេះ ទទួលបានសិទ្ធិប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ពីក្រសួងអប់រំយុវជននិងកីឡា កាលពីរដូវកាលឆ្នាំ២០១៧ កន្លងធ្វើជាទឹកដីរបស់ខ្លួនរាល់ការប្រកួតនានា៕