អតីតកីឡាកររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន និងក្រុមជម្រើសជាតិកម្ពុជា ជឹម រតនៈ មានឈ្មោះក្រៅថា ស្វា ដែលបច្ចុប្បន្នកំពុងតែបម្រើការងារជាមន្ត្រីនគរបាល បានបាត់បង់អាយុជីវិតភ្លាមៗដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

photo of ជឹម រតនៈ
ជឹម រតនៈ

គ្រោះថ្នាក់ចរាចរណ៍នោះ កើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍នេះ នៅចំណុចតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយ ជឹម រតនៈ បានជិះម៉ូតូរបស់ខ្លួន ជ្រុលទៅបុករថយន្តដែលកំពុងបត់ខ្វះការប្រុងប្រយ័ត្ន។

ជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ ក៏មានការចូលរួមរំលែកទុក្ខជាច្រើននៅលើបណ្ដាញសង្គម Facebook ពីសំណាក់គ្រូបង្វឹក និងអតីតមិត្តរួមអាជីពជាកីឡាករបាល់ទាត់ដល់ ជឹម រតនៈ ផងដែរ។

មុន​ពេល​​ទទួល​មរណភាព រតនៈ ​មាន​វ័យ ៣៥ ឆ្នាំមាន​តួនាទី​ជា​នគរបាល​នៅ​នាយកដ្ឋាន​​នគរបាល​ការពារ​ប្រចាំ​ការ​នៅ​ស្ថានទូត​ឥណ្ឌា៕