photo of Ronaldinho
អតីតកីឡាករបាល់ទាត់ជម្រើសជាតិប្រេស៊ីល Ronaldinho

តាមសេចក្តីរាយការណ៍ពីទីក្រុង Sao Paulo បានឲ្យដឹងនៅដើមសប្តាហ៍នេះថា តុលាការប្រេស៊ីល បានហាមឃាត់មិនឲ្យអតីតកីឡាករបាល់ទាត់ជម្រើសជាតិប្រេស៊ីល Ronaldinho លក់អចលនទ្រព្យរបស់ខ្លួនចំនួន ៥៧កន្លែង ដោយសារតែមិនបានបង់ប្រាក់ពិន័យចំពោះបញ្ហាបរិស្ថាន រួមនឹងបំផុតផ្សេងទៀត។

សារព័ត៌មាន The Folha de S.Paulo បាននិយាយថា អតីតកីឡាករឆ្នើមពិភពលោកនេះ បានជំពាក់ប្រាក់ពិន័យរឿងបរិសា្ថន ចំនួន ៩.៥លាន reais ឬ ស្មើនឹងប្រមាណ ២.០៦លានផោន បន្ទាប់ពីបានសាងសង់សំណង់អាគារ លើផែជិតបឹងនៃផ្ទះរបស់គាត់ ក្នុងទីក្រុង Porto Alegre។ ហើយអាជ្ញាធរ បានរឹបអូសលិខិតឆ្លងដែនរបស់ Ronaldinho រហូតដល់សំណុំរឿងនេះ ត្រូវបានដោះស្រាយ។

តុលាការក្រុង Porto Alegre បានប្រាប់ភ្នាក់ងារព័ត៌មាន Reuters ថាសំណុំរឿងនេះ ធ្លាក់ចូលក្នុងដៃរបស់តុលាការ តាមច្បាប់រក្សាការសម្ងាត់ ដូច្នេះតុលាការមិនអាចបញ្ជាក់ ឬ ក៏បដិសេធពីព័ត៌មានលម្អិតជុំវិញសេចក្តីរាយការណ៍របស់សារព័ត៌មាននោះ។
មេធាវី Ronaldinho បានបដិសេធថា ទ្រព្យសម្បត្តិរបស់អតីតកីឡាករក្លឹប Barcelona រូបនេះ ស្ថិតនៅក្នុងការរឹតត្បិត។ ប៉ុន្តែគេបានប្រាប់សារព័ត៌មានប្រេស៊ីល Folha de S.Paulo ថា គាត់មិនអាចផ្តល់ការអត្ថាធិប្បាយលម្អិតណាមួយបាន ព្រោះសំណុំរឿងនេះ ស្ថិតក្នុងច្បាប់រក្សាការសម្ងាត់របស់តុលាការ។

Ronaldinho
Ronaldinho

សូមបញ្ជាក់ថា អតីតកីឡាករបាល់ទាត់វ័យ ៣៩ឆ្នាំរូបនេះ បានចូលនិវត្តន៍ពីបាល់ទាត់ ក្នុងឆ្នាំ ២០១៥ បន្ទាប់ពីទទួលបានភាពជោគជ័យជាច្រើនក្នុងពិភពបាល់ទាត់ ទាំងការឈ្នះរង្វាន់ជាមួយ Barcelona និងឈ្នះពានរង្វាន់បាល់ទាត់ World Cup ក្នុងឆ្នាំ ២០០២ជាដើម៕