អតីតកីឡាករ Arsenal ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹបនៅ MLS
អតីតកីឡាករ Arsenal និងបារាំង Thierry Henry ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្នុងក្លឹប Montreal Impact ក្នុងក្របខណ្ឌ Major League Soccer (MLS) នៅសហរដ្ឋអាមេរិក។ នេះបើតាមការប្រកាសឲ្យដឹងពីក្លឹប Montreal Impact នៅថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ ២០១៩ម្សិលមិញនេះ។

Henry ដែលធ្លាប់ជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក និងជាអតីតគ្រូបង្វឹកក្រុម Monaco ផងនោះ ត្រូវបានក្លឹប Montreal Impact ដែលមានទីតាំងក្នុងប្រទេសកាណាដា សម្រេចចុះកុងត្រាក្នុងកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំ ដែលមានន័យថា គាត់ត្រូវដឹកនាំដល់ឆ្នាំ ២០២២។
ការពិត លោក Henry ដែលត្រូវបានក្លឹប Monaco បណ្តេញចេញ កាលពីខែមករាឆ្នាំនេះ ក៏ធ្លាប់ជាកីឡាករ ក្នុងក្របខណ្ឌ MLS របស់អាមេរិក បានរយៈពេល ៤ឆ្នាំកន្លះដែរ។ ពេលនោះ Henry បានលេងជាមួយក្លឹប New York Red Bulls មុននឹងប្រកាសចូលនិវត្តន៍ នៅខែធ្នូ ឆ្នាំ ២០១៤។
អតីតកីឡាករវ័យ ៤២ឆ្នាំនេះ បានលើកឡើងថា៖ «វាគឺជាលីគដែលខ្ញុំស្គាល់ច្បាស់ ព្រោះខ្ញុំមានពេលវេលាល្អនៅទីនេះ។ ហើយនៅទីក្រុង Montreal ដែលមានវប្បធម៌ចម្រុះទៀត គឺកាន់តែពិសេសអស្ចារ្យ។ ខ្ញុំតែងតែសម្លឹងឃើញក្លឹបនៅទីនេះ ហើយឥឡូវខ្ញុំបានមកមែន»។
សូមបញ្ជាក់ថា Henry បានផ្តើមមកចាប់មុខងារជាជំនួយការគ្រូបង្វឹក កាលពីឆ្នាំ ២០១៦ ជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ិក។ គាត់គឺជាផ្នែកមួយជួយឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិក ទទួលបានចំណាត់ថ្នាក់លេខ ៣ ពីការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០១៨នៅប្រទេសរុស្ស៊ី។ យ៉ាងណាមិញ គាត់បានបរាជ័យ ក្នុងការដឹកនាំ Monaco ក្នុងក្របខណ្ឌ Ligue1៕