photo of Anderson
អតីតខ្សែបម្រើ Anderson

ខ្សែបម្រើ Anderson ម្ចាស់ពាន Golden Boy​ និងជាអតីតសមាជិកក្លិប Porto និង Manchester United បានចូលនិវត្តន៍ក្នុងវ័យ៣១ឆ្នាំ។ នេះតាមការទម្លាយឱ្យដឹងពីក្លិប Adana Demirspor នៃលីគទី២ទួរគីដែលជាក្លិបចុងក្រោយរបស់ Anderson។

ក្លិប Adana បន្ថែមថាថ្វីបើអតីតយុវជន Gremio រូបនេះឈប់លេងបាល់ទាត់អាជីពមែន តែគេបន្តនៅជាមួយក្លិបដោយធ្វើការផ្សេង ស្របពេលរូបគេក៏បញ្ចុះប្រាក់ខែពី៦០០,០០០អឺរ៉ូក្នុងមួយរដូវកាលមកត្រឹម២០០,០០០អឺរ៉ូផងដែរ។

photo of Anderson

Anderson ផ្ដើមសាងកេរ្តិ៍ឈ្មោះនៅអឺរ៉ុបពេលផ្លាស់ពីប្រទេសកំណើតមកលេងឱ្យ Porto ក្នុងឆ្នាំ២០០៦មុនវ័យ១៨ឆ្នាំ ហើយទាក់ភ្នែកលោក Sir Alex Ferguson ឱ្យទិញរូបគេទៅ Manchester United ក្នុងតម្លៃ៣០លានអឺរ៉ូ ស្មើនឹង២០លានផោនក្នុងខែកក្កដាឆ្នាំ២០០៧ ថ្វីបើគេរងរបួសបាក់ជើងក៏ដោយ។

ក្នុងឆ្នាំ២០០៨ គេបានឈ្នះពាន Golden Boy ដែលជាពានកីឡាករវ័យក្មេង(ក្រោម២១ឆ្នាំ)ល្អបំផុតប្រចាំទ្វីបអឺរ៉ុប ខណៈឆ្នាំ២០០៥ គេបានឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ FIFA U17 World Cup។ អំឡុងពេលនោះ គេបានលេងឱ្យជម្រើសជាតិក្រុមធំប្រេស៊ីល៨លើក បានលើកពាន Copa America 2007 ជួយ U23 ប្រេស៊ីលបានមេដាយសំរឹទ្ធអូឡាំពិក២០០៨។

គេបានលើកពាន Premier League ៤ដង, League Cup ១ដង, FA Community Shield ២ដង, UEFA Champions League ១ដង, FIFA Club World Cup ១ដង ជាមួយ Man Utd មុនចេញពី Old Trafford ក្នុងឆ្នាំ២០១៥ ហើយទៅលេងឱ្យក្លិប Internacional ដល់ឆ្នាំ២០១៨។ គេក៏បានលេងឱ្យ Fiorentina លើកិច្ចសន្យាខ្ចីរយៈពេលខ្លីក្នុងឆ្នាំ២០១៤ និង Coritiba ក្នុងឆ្នាំ២០១៧ផងដែរ៕