photo of ជិន ជុំ
អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ជិន ជុំ ប្រកាសចូលនិវត្តន៍
ខ្សែប្រយុទ្ធធ្លាប់មានឈ្មោះបោះសំឡេងក្នុងក្រុមជម្រើសជាតិកម្ពុជា ជិន ជុំ នឹងចូលនិវត្តន៍ពីអាជីពជាកីឡាករនៅពេលចប់ជុំទី១មិត្តហ្វូនខេមបូឌានលីគ ពោលគឹបន្ទាប់ពីជួយអគ្គិសនីកម្ពុជាប្រកួតលើកចុងក្រោយទល់នឹងអាស៊ីអឺរ៉ុបយូណាយធីតក្នុងសប្ដាហ៍ទី១១នាថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៨។
កីឡាករមកពីខេត្តកោះកុងវ័យ៣២ឆ្នាំពន្យល់ថាកាយសម្បទារបស់ខ្លួនលែងអាចទប់ទល់នឹងការទាមទារសម្រាប់ការប្រកួតបាល់ទាត់អាជីពតទៅទៀតហើយ ដ្បិតវ័យកាន់តែជ្រេ កម្លាំងចុះខ្សោយ ហើយម្យ៉ាងទៀតក៏ជាការទុកឱកាសឱ្យកីឡាករក្មេងៗបានបង្ហាញសមត្ថភាពផង។ 
ក្រោយចូលនិវត្តន៍ អតីតម្ចាស់ពានកីឡាករឆ្នើមជាងគេក្នុងពានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឆ្នាំ២០១៣ បង្ហើបថានឹងបម្រើការងារនៅអង្គភាពអគ្គិសនីកម្ពុជា និងឆ្លៀតពេលជួយការងារបង្វឹករបស់លោក ប្រាក់ វុទ្ធី ដូចជាបង្ហាត់ក្មេងៗជាដើម ដែលជាចំណង់ចំណូលចិត្តរបស់បុរសកំពុងរៀនវគ្គបង្វឹកកម្រិត C License ដដែលនេះ។
អ្នកប្រយុទ្ធមានជំនាញគ្រប់គ្រងបាល់យ៉ាងស្អិតនឹងជើងខាងលើ ប្រាប់ថា៖ «ពេលលេងទល់នឹងអាស៊ីអឺរ៉ុបថ្ងៃទី២៤ខែមិថុនារួច ខ្ញុំនឹងចូលនិវត្តន៍ហើយ ខ្ញុំមិនបានលេងជុំទី២លីគទេ។ ខ្ញុំចាស់ហើយ រត់មិនសូវបាន ព្រោះកាយសម្បទាលែងអំណោយផល កម្លាំងខ្សោយ។ ខ្ញុំចាស់ហើយ ទុកឱ្យក្មេងៗបង្ហាញសមត្ថភាពម្ដង។ ទោះយ៉ាងណា ខ្ញុំក៏មិនទៅណាឆ្ងាយពីបាល់ទាត់ដែរ គឺខ្ញុំនឹងឆ្លៀតពេលធ្វើជំនួយការលោកគ្រូ វុទ្ធី ជួយបង្ហាត់ក្មេងៗ ក្នុងពេលទំនេរពីការងារនៅអគ្គិសនីកម្ពុជា»។
សូមបញ្ជាក់ថា ជិន ជុំ ត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជាក្នុងឆ្នាំ២០០៥ បន្ទាប់ពីបង្ហាញទេពកោសល្យយ៉ាងគួរឱ្យចាប់អារម្មណ៍ក្នុងពានរង្វាន់មហាជនជាច្រើនសម្រាប់ក្រុមជម្រើសខេត្តកោះកុង។ នៅឆ្នាំ២០០៦ រូបគេបានចូលរួមក្លិបអាជីពដំបូងរបស់ខ្លួនគឺចូលក្លិបភ្នំពេញអឹមផាយអឺ មុនផ្លាស់ទៅណាហ្គាវើលដ៍ក្នុងឆ្នាំ២០០៧រហូតដល់២០១៥ ហើយបានឈ្នះជើងឯកមិត្តហ្វូនខេមបូឌានលីគ២០០៩និងពានសម្ដេចហ៊ុនសែនឆ្នាំ២០១៣។
ប្រភព៖ CNCC