photo of Alisson Becker
អ្នកចាំទីដៃស្អិត Alisson Becker របស់ក្លឹបហងក្រហម Liverpool

អ្នកចាំទីដៃស្អិត Alisson Becker របស់ក្លឹបហងក្រហម Liverpool សាកសមនឹងឈ្នះពានរង្វាន់បុគ្គលធំបំផុតប្រចាំឆ្នាំ Ballon D’or នេះបើយោងតាមសម្តីរបស់លោក Daniel Pavan អតីតគ្រូបង្វឹករបស់គាត់ ។

អ្នកចាំទីវ័យ ២៦ ឆ្នាំ Alisson បានស្ថិតក្រោមការបង្វឹករបស់លោក Daniel Pavan តាំងពីអាយុ ១០ ឆ្នាំមកម្លេះ ហើយក្នុងរយៈពេល ២ រដូវកាលចុងក្រោយនេះអ្នកចាំទីដៃទី១ របស់ក្រុមស៊ាំបាប្រេស៊ីលរូបនេះ ក្លាយជាអ្នកចាំល្អបំផុតម្នាក់នៅក្នុងពិភពលោក ។ Alisson បានចាប់ផ្ដើមល្បីខ្លាំងតាំងពីជួយឱ្យក្រុម AS Roma ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League កាលពីរដូវកាល ២០១៨ ហើយមួយឆ្នាំក្រោយមកបានដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យក្លិបថ្មី Liverpool របស់គាត់គ្រងតំណែងជើងឯកប្រចាំទ្វីបអឺរ៉ុបនារដូវកាលកន្លងទៅនេះ ។ ខណៈរំលងបានប៉ុន្មានខែក្រោយមក Alisson ក៏បន្តជួយឱ្យប្រេស៊ីលបានឈ្នះពានរង្វាន់ Copa America ដែលប្រេស៊ីលខកខានឈ្នះពានអន្តរជាតិអស់រយៈពេល ១២ ឆ្នាំកន្លងមក ។

photo of Alisson Becker
Alisson Becker
photo of Alisson Becker
Alisson Becker

Alisson និងមិត្តរួមជាតិដែលកំពុងលេងឱ្យក្លឹមេឃខៀវ Manchester City គឺអ្នកចាំទី Ederson ត្រូវបានគេចាត់ទុកជាអ្នកចាំទីឆ្នើម ២ រូបនៅលើពិភពលោកនាពេលបច្ចុប្បន្ន ខណះមនុស្សជាច្រើនរំពឹងថា ក្នុងចំណោមពួកគេទាំង ២ នាក់នឹងមានម្នាក់ឈ្នះពានបុគ្គលធំនាឆ្នាំ ២០១៩ នេះ ។ គួរឱ្យដឹងថា អ្នកចាំទីតែម្នាក់គត់នៅក្នុងលោកដែលធ្លាប់ឈ្នះ Ballon D’or គឺលោក Lev Yashin ដែលឈ្នះតាំងកាលពីឆ្នាំ ១៩៦៣ ពោលគឺជិត ៦ ទសវត្សមុន ។

photo of Daniel Pavan
Alisson Becker ជាមួយគ្រូបង្វឹងរបស់គេលោក Daniel Pavan

លោក Daniel Pavan បានប្រាប់ ESPN ថា៖ ” ខ្ញុំជឿជាក់ថាដោយសារតែកម្រិតនៃការលេងរបស់ Alisson ភាពទៀងទាត់និងការឈ្នះពានរង្វាន់ Champions League គាត់មានលក្ខខណ្ឌសរុបដើម្បីក្លាយជាបេក្ខភាព ហើយថែមទាំងសមនឹងទទួលបាន Ballon d’Or ។ ខ្ញុំគិតថា វាជាឱកាសល្អដើម្បីបង្ហាញថាអ្នកចាំទីក៏សមនឹងទទួលបានពានកិត្តិយសនេះដែរ ” ៕