photo of គួច សុកុម្ភៈ
អតីតប្រធានក្រុមជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ

អតីតប្រធានក្រុមជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ បច្ចុប្បន្នវ័យ៣១ឆ្នាំ មិនទាន់គិតដល់ការព្យួរស្បែកជើងឡើយ ផ្ទុយទៅវិញលោកផ្ដោតលើការហ្វឹកហាត់ និង ថែរក្សាខ្លួន ដើម្បីបន្តអាជីពឱ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយរបស់ CNCC នៅថ្ងៃសុក្រទី២៥ខែឧសភាឆ្នាំ២០១៨នេះ។

សុកុម្ភៈ និយាយថា៖ “ឥឡូវខ្ញុំអាយុ៣១ រាងជ្រេហើយ អញ្ចឹងបាល់ទាត់តែអាយុច្រើន គុណភាពយើងក៏ទៅតាមហ្នឹងដែរ ប៉ុន្តែខ្ញុំព្យាយាមថែរក្សាខ្លួនខ្ញុំ ដើម្បីលេងឲ្យកាន់តែយូរជាងនេះទៀត។ ពាក្យចូលនិវត្តពេលខ្លះនឹកឃើញដែរ ដោយសារតែហត់នឿយពេក ប៉ុន្តែខ្ញុំគិតបកមកវិញថា ចង់បន្តលេងព្រោះជាអាជីពស្រលាញ់តាំងពីដើម អញ្ចឹងខ្ញុំប្រឹងឲ្យអស់ពីសមត្ថភាពទៅឆ្ងាយដល់ប៉ុណ្ណាយកប៉ុណ្ណឹង”។

អតីតកីឡាករក្លឹបខេមរាកីឡា និង ភ្នំពេញក្រោន ខាងលើប្រាប់ទៀតថា ណាហ្គាវើលដ៍ បានផ្ដល់ឱកាសឲ្យខ្លួនទទួលតំណែងជាគ្រូជំនួយផងកីឡាករផង ដូចដៃគូ ឃឹម បូរី ដែរ ប៉ុន្តែរូបគេបានបដិសេធក្រោមហេតុផលដូចគ្នាថា ចង់ផ្ដោតលើអាជីពជាកីឡាករជាង។

សូមបញ្ជាក់ថា សុកុម្ភៈ ផ្ដើមអាជីពបាល់ទាត់ជាមួយ ខេមរាកីឡា នៅឆ្នាំ២០០៥ បន្ទាប់ពីលោកគ្រូ លាស់ សាឡាក់ខាន់ មើលឃើញទេពកោសល្យរបស់គេអំឡុងពេលលេងឱ្យខេត្តកំពង់ធំ។ នៅឆ្នាំ២០១១ គេផ្លាស់ទៅភ្នំពេញក្រោន រហូតដល់ឆ្នាំ២០១៥ក៏ផ្លាស់មករួមរស់ជាមួយ ណាហ្គាវើលដ៍ ដល់បច្ចុប្បន្ន៕

គួច សុកុម្ភៈ
អតីតប្រធានក្រុមជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ

ប្រភព៖ keila daily