អតីតអ្នកចាត់ការ Leicester ឈ្នះ PL ពេលនេះកំពុងប្រជែងការងារនៅអាហ្វ្រិក

អតីតអ្នកចាត់ការ Leicester City ដែលបាននាំក្រុមឈ្នះជើងឯក Premier League ២០១៥-១៦ លោក Claudio Ranieri ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីប្រជែងយកតំណែងគ្រូបង្គោលក្រុមជម្រើសជាតិហ្គីណេដែលកំពុងទំនេរ ក្រោយលោក Paul Put ត្រូវបានបណ្ដេញចេញពីតំណែងបន្ទាប់ពីធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ Africa Cup of Nations 2019។

លោក Paul Put ជនជាតិបែលហ្ស៊ិក បន្ទាប់មកក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ហ្គីណេដាក់បម្រាមមិនឱ្យពាក់ព័ន្ធសកម្មភាពបាល់ទាត់ក្នុងប្រទេសអាហ្វ្រិកមួយនេះអស់មួយជីវិតផងដែរដោយសារបានបំពានក្រមសីលធម៌និងវិន័យរបស់សហព័ន្ធ។
បុរសជនជាតិអ៊ីតាលីវ័យ៦៧ឆ្នាំ បានស្ថិតក្នុងចំណោមអ្នកដាក់ពាក្យ៨៧នាក់សម្រាប់តំណែងខាងលើ ហើយពេលនេះជាម្នាក់ក្នុងចំណោមគ្រូបង្វឹក១៧នាក់ចុងក្រោយដែលសហព័ន្ធកីឡាបាល់ទាត់ហ្គីណេបានជ្រើសរើសមកសម្ភាស។ លោក Ranieri ជាគ្រូបង្វឹកល្បីឈ្មោះជាងគេក្នុងចំណោមគ្រូទាំងអស់នោះ។

សហព័ន្ធកីឡាបាល់ទាត់ហ្គីណេបានបញ្ជាក់ថាម្ចាស់ពាន FIFA Coach of the Year 2016 ខាងលើ ត្រូវបានចាត់ឱ្យមកសម្ភាសនៅ Conakry នាថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញាឆ្នាំ២០១៩។
លោក Ranieri បានចាកចេញពីការងារចុងក្រោយនៅក្លិប Roma កាលពីខែឧសភា។ លោកមានប្រវត្តិដឹកនាំក្លិបជាច្រើនដូចជា Vigor Lamezia, Puteolana, Cagliari, Napoli, Fiorentina, Valencia (២ដង), Atletico Madrid, Chelsea, Parma, Juventus, Roma (២ដង), Inter Milan, Monaco, Nantes, Fulham និងធ្លាប់បង្វឹកក្រុមជម្រើសជាតិក្រិកក្នុងឆ្នាំ២០១៤ផងដែរ៕