អតីត​កីឡាករ​របស់ Arsenal លោក Paul Merson ​​មើល​ឃើញ​ថា​ បច្ចុប្បន្ន Bernardo Silva ល្អ​ជាង​គេ​នៅ English Premier League ​​ក្នុង​ចំណោម​កីឡាករ​កីឡាករ​ព័រទុយហ្គាល់​ទាំង​អស់​​រួម​ទាំង Cristiano Ronaldo របស់​​បិសាច​ក្រហម Manchester United។

​​Silva រក​បាន​៧​គ្រាប់​ និង​បញ្ជូន​​​បាន​មួយ​លើក​​ឲ្យ​​មេឃ​ខៀវ ​និង​បាន​ជួយ​ឲ្យ​ Manchester City កាន់កាប់​កំពូល​តារាង​ EPL គិត​ត្រឹម​សប្ដាហ៍​ទី​១៦ រដូវ​កាល​នេះ​។ ទម្រង់​លេង​របស់​ខ្សែ​បម្រើ​ Silva ​ចាប់​ពី​ចំណុច​កណ្ដាល​ទៅ​លើ​គឺ​ពិត​ជា​​អស្ចារ្យ​មែន​ទែន​សម្រាប់​ក្រុម​ការពារ​ជើង​ឯក​មួយ​នេះ​។

លោក Paul Merson  ​ប្រាប់​ទៅ​កាន់ Sportskeeda ថា៖​​​​” Bernardo Silva គឺ​ស្ថិត​​នៅ​​លើ​គេ​ក្នុង​ការ​លេង​របស់​គាត់ ហើយ​គាត់​កំពុង​ធ្វើ​បាន​យ៉ាង​​ល្អ”។ 

អតីត​កីឡាករ​កាំភ្លើង​ធំ​ដដែល​បន្ថែម​ថា “Silva មិនដែល​​បង្កើត​កំហុស​នៅ​លើ​ទីលាន។ បើ​ទោះ​បច្ចុប្បន្ន​គេ​មិន​អាច​ឈ្នះ​ពាន​ច្រើន​ដូច​អ្វី​ដែល​ Ronaldo ទទួល​បាន​ក៏​ដោយ​។ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​ពិបាក​នឹង​មើល​រំលង​សមត្ថភាព​របស់ Silva ណាស់​”៕