Gareth Bale ត្រូវ​បាន​រាយការណ៍​ថា​​កំពុង​ចរចា​ជាមួយ​ក្លឹប​នៅ​អាមេរិក DC United ដើម្បី​ចូលរួម​ជាមួយ​ពួក​គេ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ក្នុង​រដូវ​ក្ដៅ​នេះ ពេល​ដែល​កុងត្រា​​របស់​គេ​បញ្ចប់​ជាមួយ Real Madrid។

Gareth Bale
Gareth Bale

​កុងត្រា​របស់​ Bale ជាមួយ Madrid នឹង​អស់​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ បន្ទាប់​ពី​ចំណាយ​ពេល​៨​ឆ្នាំ​ជាមួយ​ក្លឹប។ តាម​ការ​ឲ្យ​ដឹង​ពី Washington Post ក្លឹប DC United កំពុង​សម្លឹង​ការ​ផ្ដល់​សំណើ​​ទៅ​កាន់ Bale ដើម្បី​នាំ​គេ​មក​លេង​នៅ​លីគ​អាមេរិក។

តាម​ប្រភព​ឲ្យ​ដឹង​ថា ក្លឹប​ក្នុង​លីគ MLS កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជាមួយ​អ្នក​តំណាង​របស់ Bale អំពី​ការ​ចូលរួម​ជាមួយ​ពួក​គេ​ដោយ​​គ្មាន​តម្លៃ​ខ្លួន​ក្នុង​រដូវ​ក្ដៅ​នេះ។ ក្នុង​នោះ​គេ​ក៏​បាន​ដឹង​ថា DC United បាន​រៀបចំ​សំណើ​ទៅ​កាន់ Bale ជាមួយ​កិច្ចសន្យា​ដ៏​ធំ​មួយ​ជាង​អ្វី​ដែល​ពួក​គេ​ធ្លាប់​ផ្ដល់​ឲ្យ Wayne Rooney ពេល​ដែល​គេ​​មក​ចូលរួម​ជាមួយ​ក្លឹប​កាល​ពី​ឆ្នាំ​២០១៨។

Bale វ័យ​៣២​​ឆ្នាំ​​​ដែល​ធ្លាប់​លេង​បាន​ជាង​២៥០​ប្រកួត​​ឲ្យ Real Madrid និង​ឈ្នះ​ពាន​១៤​គ្រឿង​​​ក៏​មាន​ការ​ទាក់ទង​ឲ្យ​ត្រលប់​ទៅ​​កាន់​ក្លឹប Spurs វិញ ខណៈ Cardiff ក៏​ចាប់​អារម្មណ៍​ដូច​គ្នា។ អនាគត​របស់ Bale ជាមួយ​ Madrid ទំនង​​មិន​អាច​បន្ត​កុងត្រា​ទៅ​មុខ​ជាមួយ​គ្នា​បាន​ទៀត​ឡើយ ដោយ​សារ​តែ​គេ​លែង​ជា​ជម្រើស​​របស់​ក្លឹប​ទៀត​​ហើយ៕